ហ្វីលីពីន ៖ យ៉ាងហោចណាស់ជនស៊ីវិល១៩នាក់បន្ថែមទៀតត្រូវបានក្រុមបះបោរឥស្លាមសម្លាប់នៅភាគខាងត្បូងប្រទេសហ្វីលីពីនដែលនាំឲ្យចំនួនមនុស្សស្លាប់កើនឡើងដល់៨៥នាក់ហើយ នៅអំឡុងពេលប៉ះទង្គិចគ្នារយៈពេលជិតមួយសប្ដាហ៍មកនេះ។ នេះបើយោងការផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP។
មន្ត្រីយោធាហ្វីលីពីនមួយរូបបាននិយាយថា ពួកបះបោរសម្លាប់ជនស៊ីវិល១៩នាក់ នៅទីក្រុងម៉ារ៉ាវី ជាទីដែលមានពលរដ្ឋមូស្លីម២សែន។ ចំនួនអ្នកស្លាប់រួមបញ្ចូលទាំងស្ត្រី៣នាក់ និងក្មេងម្នាក់ ដែលត្រូវបានគេរកឃើញថា ស្លាប់នៅជិតសាកលវិទ្យាល័យមួយ ខណៈដែលសពមនុស្ស៨នាក់ទៀតត្រូវបានគេរកឃើញនៅតាមផ្លូវមួយនៅជាយទីក្រុងម៉ារ៉ាវី ។ ប្រភពបន្តថា អ្នកស្លាប់ទាំងនោះសុទ្ធតែជាជនស៊ីវិល ហើយអំពើហិង្សានោះ គឺប្រឆាំងនឹងប្រជាជន។
គួរបញ្ជាក់ថា ជុំវិញអំពើហិង្សានេះប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ ក៏បានប្រកាសដាក់ច្បាប់អាជ្ញាសឹកកាលពីថ្ងៃអង្គារកន្លងមក នៅទូទាំងតំបន់ភាគខាងត្បូងហ្វីលីពីនផងដែរ៕