រាជធានីភ្នំពេញ ៖ គួរឲ្យអាសូរ ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់បានស្លាប់បាត់បង់ជីវិតទាំងម្តាយ និងកូនក្នុងផ្ទៃ ខណៈពេលមកសម្រាករង់ចាំសម្រាលកូននៅមន្ទីរពេទ្យជប៉ុន ដែលហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យជប៉ុន ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីឪពុក និងប្តីរបស់ស្ត្រីរងគ្រោះបានអោយដឹងថា ជនរងគ្រោះមិនមានអាការៈអ្វីធ្ងន់ធ្ងរនោះទេ ដែលមកសម្រាកនៅមន្ទីរពេទ្យនេះគឺដោយសារជិតដល់ថ្ងៃសម្រាល។ យ៉ាងណាក្តីគេមិនទាន់ដឹងពីមូលហេតុដែលបណ្តាលអោយជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះទេ ដោយឡែកខាងក្រុមគ្រួសារជនរងគ្រោះបានដាក់ការចោទប្រកាន់ទៅលើមន្ទីរពេទ្យថា ម្តាយ និងកូនដែលនៅក្នុងផ្ទៃស្លាប់បាត់បង់ជីវិតដោយសារខ្វះការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យនេះ។
ស្ត្រីរងគ្រោះខាងលើមានឈ្មោះ ឈៀ សារិន អាយុ៣០ឆ្នាំ ជាកម្មការនីរោងចក្រ ចំណែកប្តីមានឈ្មោះ ជូ ភារ៉ា អាយុ៣៤ឆ្នាំ មានកូនប្រុស២នាក់ ម្នាក់អាយុ១០ឆ្នាំ និងម្នាក់ទៀតអាយុ៨ឆ្នាំ រស់នៅភូមិក្រាំងម្កាក់ ឃុំត្រពាំងស្វាយ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សាកសពជនរងគ្រោះត្រូវបានក្រុមគ្រូពេទ្យជំនាញចុះទៅធ្វើកោសល្យវិច្ច័យនៅកន្លែងកើតហេតុ តែលទ្ធផលយ៉ាងណានោះគេពុំទាន់ដឹងនៅឡើយទេ៕
ស្ត្រីពោះធំម្នាក់ស្លាប់ទាំងម្តាយ និងកូនមិនដឹងមូលហេតុ