កូរ៉េខាងត្បូង ៖ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបានត្រួតពិនិត្យមើលការសាកល្បងប្រព័ន្ធថ្មីប្រឆាំងនឹងយន្តហោះចម្បាំង និងបានបញ្ជាឲ្យផលិតវាឲ្យបានច្រើន និងដាក់ពង្រាយនៅទូទាំងប្រទេស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA មិនបានបញ្ជាក់ឲ្យបានជាក់លាក់ពីប្រភេទអាវុធនោះទេ ឬក៏ពេលវេលាជាក់លាក់នៃការសាកល្បងអាវុធនោះដែរ ប៉ុន្តែបានផ្សាយថា ការសាកល្បងនោះរៀបចំឡើងដោយសាលាវិទ្យាសាស្ត្រការពារជាតិ ជាទីភ្នាក់ងារជាប់ក្នុងបញ្ជីខ្មៅ ដែលត្រូវបានគេជឿថា កំពុងផលិតគ្រាប់មីស៊ីល និងអាវុធនុយក្លេអ៊ែរ។
កូរ៉េខាងជើងបានជំរុញការអភិវឌ្ឍប្រព័ន្ធសព្វាវុធយ៉ាងធំធេង ចាប់តាំងពីដើមឆ្នាំមុន ក្នុងនោះមានទាំងមីស៊ីលចម្ងាយឆ្ងាយ ដែលអាចវាយប្រហារដល់ទឹកដីអាមេរិក ហើយថ្មីៗនេះបានសាកល្បងគ្រាប់មីស៊ីលអន្តរទ្វីប ដែលបង្ហាញពីការរីកចម្រើនខាងបច្ចេកទេស៕