ភ្នំពេញ ៖ បុរសម្នាក់បន្ទាប់ពីទំនេរបានឆ្លៀតរាយខ្សែភ្លើងយកទៅឆក់ត្រីក្នុងស្រែ ក្បែរផ្ទះ តែជាអកុសល ភ្លាត់ស្នៀត ត្រូវបានឆក់ខ្លួនឯងស្លាប់ទៅវិញបបង្កឲ្យភ្ញាក់ផ្អើលប្រជាពលរដ្ឋក្នុងភូមិ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅ វាលស្រែក្បែរផ្ទះរបស់ជនរងគ្រោះ ភូមិស្វាយ សង្កាត់ស្នោ ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ចុក វី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ ជាងក្រឡឹង មានប្រពន្ធ ឈ្មោះ ចែម មករា អាយុ៣៥ឆ្នាំ មុខរបរ មេផ្ទះ មានកូនប្រុស២នាក់ ក្ន៧ងបន្ទុកគ្រួសារ រស់នៅក្នុងភូមិកើតហេតុខាងលើជាង១ឆ្នាំមកហើយ មានស្រុកកំណើតភូមិ ភូមិព្រែកជីក ឃុំព្រែកជីក ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
តាមប្រជាពលរដ្ឋក្នុងភូមិបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះគេឃើញ តរាយខ្សែភ្លើងយកមកឆក់ត្រី២ថ្ងៃមកហើយ លុះមកដល់ព្រឹកថ្ងៃកើតហេតុ ជនរងគ្រោះបានតរាយខ្សែភ្លើង ឆក់ត្រីសារជាថ្មីម្តងទៀត តែម្នាក់ឯង ស្រាប់តែនៅវេលាម៉ោងខាងលើ ដោយសារការធ្វេសប្រហែស ភ្លាត់ស្នៀតត្រូវបានឆក់ស្លាប់ខ្លួនឯងទីវិញ ដួលប្រកាច់ស្លាប់ក្នុងទឹកស្រែតែម្តង។
ឃើញដូច្នោះ បងប្អូនប្រជាពលរដ្ឋក្នុងភូមិឃើញផ្អើល ឆោឡោ រត់ទៅបិទផ្តាច់ចរន្តភ្លើង ជួយស្រង់ តែហួសពេលទៅហើយ៕