ដោយ ៖ ប៉ែន សុផល
បាត់ដំបង ៖ ជិះម៉ូតូដឹកគ្នាត្រូវបានរថយន្តរ៉េចង្កូតទៅបុកពីមុខពេញទំហឹងបណ្តាលអោយស្លាប់ភ្លាមៗនៅហ្នឹងកន្លែង។
នគរបាលស្រុកថ្មគោលបានប្រាប់អោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧នៅបណ្តោយផ្លូវជាតិលេខ៥ ចំណុចក្រុមទី៥៦ ស្ថិតក្នុងភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។ រថយន្តបង្កម៉ាក ស្តារិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Y2809 អ្នកបើកបររត់បាត់ បានបុកម៉ូតូ១គ្រឿងម៉ាកឌ្រីមC125ពណ៌ខ្មៅស៊េរីឆ្នាំ២០១៧អ្នកបើកបរ១-ឈ្មោះ ជា វាយោ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិប៉ោសំរោង ឃុំតាពូង ស្រុកថ្មគោល(ស្លាប់)។ ២-ឈ្មោះ លី ដាវ៉ាន់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល(ស្លាប់)។ ៣-ឈ្មោះ ប្រា ថ្នា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល( ស្លាប់)។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា៖នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កខាងលើបើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើក៍ស្រាប់តែរថយន្តបានរ៉េចង្កូតទៅបុកម៉ូតូ១គ្រឿងជិះគ្នា៣នាក់ក្នុងទិសដៅច្រាស់គ្នាបណ្តាលអោយមនុស្សប៉ើងបោកក្បាលស្លាប់ទាំងបីនាក់តែម្តង។
ក្រោយពេលកើតហេតុនគរបាលចរាចរណ៍បានចុះទៅដល់ធ្វើការវាស់វែងរួចប្រគល់សាកសពអោយទៅក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី ។ ចំណែកមធ្យោបាយធ្វើដំណើរទាំងពីរត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តរងចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕