រាជធានីភ្នំពេញ ៖ ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញមកទាត់ចោលទាំងស្រុងនូវសម្តីរបស់លោក គង់ គាំ ទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលបានថ្លែងថា នឹងរក្សាទុកតំណែងឧបនាយករដ្ឋមន្ត្រី ជូនសម្តេច ស ខេង នៅពេលគណបក្សប្រឆាំងនេះឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាល។ ខុទ្ទកាល័យសម្តេច ស ខេង បានចាត់ទុកការលើកឡើងរបស់ លោក គង់ គាំ គឺជាប្រមាថមាក់ងាយយ៉ាងធ្ងន់ធ្ងរលើកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សម្តេចក្រឡាហោម ស ខេង។
ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅសង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះលោក គង់ គាំ បានថ្លែងទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា បើគណបក្សសង្គ្រោះជាតិឈ្នះឆ្នាំ២០១៨ ដឹកនាំរាជរដ្ឋាភិបាលធ្វើនាយករដ្ឋមន្ត្រី ទុកសម្តេចក្រឡាហោម ធ្វើឧបនាយករដ្ឋមន្ត្រីដដែល តែសង្គ្រោះជាតិធ្វើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕