ម៉ានីល ៖ ក្រុមសកម្មប្រយុទ្ធ ISIS បានចេញមុខអះអាងថា ខ្លួនគឺជាអ្នកនៅពីក្រោយខ្នងនៃការវាយប្រហារ នៅសណ្ឋាគារ-កាស៊ីណូលំដាប់អន្តរជាតិមួយកន្លែងក្នុងរដ្ឋធានីម៉ានីល ខណៈដែលប៉ូលិសហ្វីលីពីននៅតែបន្តអះអាងជាដដែលៗថា ករណីនេះមិនមានជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្មនោះឡើយ។ នេះបើយោងតាមការផ្សាយពីទូរទស្សន៍ CNN។
នៅថ្ងៃសុក្រម្សិលមិញនេះ ខ្មាន់កាំភ្លើងម្នាក់បានសម្រុកចូលទៅក្នុងសណ្ឋាគារ-កាស៊ីណូ Resorts World Manila ហើយបានធ្វើការបាញ់បោះយ៉ាងកម្រោលដោយកាំភ្លើងស្វ័យប្រវត្តិមួយដើម ប៉ុន្តែពុំបានត្រូវចំមនុស្សណាម្នាក់ឡើយ ហើយជនរូបនេះក៏បានចាក់សាំងដុតសម្ភារៈកាស៊ីណូ បណ្តាលឲ្យឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ និងបន្តទៅប្រមែប្រមូលយកកាក់កាស៊ីណូយ៉ាងច្រើនសន្ធឹកសន្ធាប់ រួចគេចខ្លួនបាត់ស្រមោលទៅក្នុងភាពវឹកវរ។
ក្រោយកើតហេតុកម្លាំងប៉ូលិសក៏បានរកឃើញសាកសពមនុស្សយ៉ាងតិច៣៧នាក់ រួមទាំងខ្មាន់កាំភ្លើងផងដែរ និង៥៤នាក់ផ្សេងទៀតរបួស ហើយពួកគេភាគច្រើន ត្រូវជឿជាក់ថាបានបាត់បង់ជីវិត ដោយសារថប់ដង្ហើម ព្រោះតែផ្សែងអគ្គីភ័យក្នុងកាស៊ីណូ។
ទោះបីយ៉ាងណាមេប៉ូលិសជាតិហ្វីលីពីនបានចេញមុខលើកឡើងថា «ពួក ISIS តែងតែអាចចេញមុខអះអាងថានេះថានោះ តាមតែចិត្តពួកគេចង់ ព្រោះពួកគេមានភាពល្បីល្បាញដោយសារតែការធ្វើដូច្នោះ នៅរាល់ពេលមានអំពើវាយប្រហារដ៏ខ្មៅងងឹតកើតឡើងជុំវិញពិភពលោក។ ក៏ប៉ុន្តែករណីនាថ្ងៃសុក្រនេះ ពុំមានភស្តុតាងឬធាតុពិតជាក់ស្តែងណាមួយ បញ្ជាក់ថា វាគឺជាសកម្មភាពភេរវកម្មឡើយ»៕