ដោយ ៖ ប៉ែន សុផល
បាត់ដំបង ៖ នៅពេលចូលរួមដង្ហែក្បួនយុទ្ធនាការឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជននៅស្រុកគាស់ក្រឡប្រជាពលរដ្ឋបានមានអាការះពុលបាយប្រអប់រហូតទៅដល់៣៨នាក់។ ហេតុការណ៍បង្ករការភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៧ និង៥០នាទី ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ក្រោយពីហូបបាយរួចនៅចំណុចភូមិជើងទិញ និងភូមិឆាយបាលង្ហ័ ស្ថិតក្នុងឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
លោក ឆាង វ៉ាន់ឆៃ អធិការនគរបាលស្រុកគាស់ក្រឡ បានប្រាប់អោយដឹងនៅព្រឹកថ្ងៃទី៣ មិថុនា នេះថា ជនរងគ្រោះទាំងអស់ដែលសង្ស័យថាបានពុលបាយប្រអប់មានអាការៈធ្ងន់និងស្រាលទាំង៣៨នាក់នេះ ក្នុងនោះមានស្រីចំនូន៤នាក់ និងកុមារអាយុ ចាប់ពី២ឆ្នាំដល់៥ឆ្នាំចំនួន១០នាក់ផងដែរ។
លោកបន្តថា នៅមុនពេលកើតហតុ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ដែលជាថ្ងៃចុងក្រោយក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រទៅដល់គណបក្សប្រជាជនក្នុងស្រុកគាស់ក្រឡ ហើយបានជួបជុំគ្នាដើម្បីចេញដង្ហែក្បួន ដោយឡែក បាយ ម្ហូបសាច់ជ្រូក ធ្វើ ច្រកប្រអប់នៅផ្ទះលោក ជាល វៃ មេភូមិជើងទិញ យកមកចែកគ្នាហូបក្នុងម្នាក់ៗ១ប្រអប់ ដោយអ្នកខ្លះបាន២ប្រអប់។
លោកបន្តទៀតថា ក្រោយពីហូបបាយប្រអប់នៅពេលព្រឹកពុំមានអាការៈអ្វីកើតឡើងនោះទេ លុះនៅពេលហែរឃោសនាចប់នៅវេលាម៉ោង ១៧ និង៥០នាទីថ្ងៃដដែលក៍នាំគ្នាហូបបាយប្រអប់ដែលនៅសល់ពីព្រឹក ក៏ស្រាប់តែមានអាការះ ក្អួត ចង្អោរ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរតែម្តង ដោយក្រុមគ្រូពេទ្យបានសន្និដ្ឋានជាជំហានដំបូងថាការពុលនេះអាចនិងពុលដោយសារប្រអប់ស្នោ។
បច្ចុប្បន្នជនរងគ្រោះកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សីចំនួន៣១នាក់និងនៅផ្ទះ៧នាក់ហើយមានអាការៈធូរស្បើយឡើងវិញហើយ៕