យូអិន ៖ ភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ បានរាយការណ៍ថា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ UNSC បានសម្រេចបន្ថែមទណ្ឌកម្មទៀត ទៅលើប្រទេសកូរ៉េខាងជើង ដើម្បីឆ្លើយតបទៅនឹងការបន្តធ្វើតេស្តបាញ់គ្រាប់មីស៊ីលជាច្រើនលើកច្រើនសារបស់ប្រទេសកុម្មុយនិស្តមួយនេះ ដោយមិនខ្វាយខ្វល់ពីច្បាប់អន្តរជាតិ។
នៅក្នុងដំណោះស្រាយ ដែលទទួលបានការព្រមព្រៀងគ្នាជាឯកច្ឆន្ទ ដោយសមាជិកក្រុមប្រឹក្សាសន្តិសុខទាំង១៥ប្រទេស បានសម្រេចធ្វើការហាមឃាត់ការធ្វើដំណើរ និងបង្កកទ្រព្យសម្បត្តិបុគ្គលសំខាន់ៗចំនួន១៤រូបនៅកូរ៉េខាងជើង និងដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនកូរ៉េខាងជើងចំនួនពីរថែមទៀត ព្រមជាមួយនឹងធនាគារមួយ ដែលត្រូវបានគេដឹងថា កំពុងជួយគាំទ្រកងកម្លាំងយុទ្ធសាស្ត្ររ៉ុក្កែត របស់កងទ័ពកូរ៉េខាងជើង។
ជាមួយគ្នានោះក្រុមប្រឹក្សាសន្តិសុខរបស់ UN ក៏បានថ្កោលទោសផងដែរ នៅក្នុងក្របខណ្ឌដ៏យូរអង្វែង ចំពោះសកម្មភាពនៃការអភិវឌ្ឍគ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលបានបង្ហាញនូវសញ្ញាគ្រោះថ្នាក់ខ្លាំងបំផុត ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៦មក។ ទន្ទឹមនោះ UNSC ក៏បានអំពាវនាវឲ្យទីក្រុងព្យុងយ៉ាង បោះបង់ចោលកម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងសកម្មភាពពាក់ព័ន្ធដទៃៗទៀត ហើយងាកមករកកិច្ចសហការ ដោះស្រាយបញ្ហាជាមួយនឹងសហគមន៍អន្តរជាតិវិញ៕