ខេត្តបន្ទាយមានជ័យ ៖ យ៉ាងហោចណាស់ពលករខ្មែរប្រុសស្រីចំនួន១៦នាក់ ដែលចូលទៅធ្វើការព្រឹកវិលល្ងាច តាមច្រកបឹងត្រកួនទៅក្នុងទឹកដីថៃ ត្រូវបានសមត្ថកិច្ចថៃស្រុកតាប្រាយ៉ាចាប់ខ្លួនកាលពីល្ងាចថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០១៧។
ក្រោយចាប់ខ្លួនពលករខ្មែរទាំង១៦នាក់នោះ សមត្ថកិច្ចស្រុកតាប្រាយ៉ា បានចាត់បញ្ជូនភ្លាមៗទៅកាន់ខេត្តស្រះកែវ ដើម្បីដាក់ឃុំក្នុងពន្ធនាគារ ហើយមានតែក្មេង២នាក់ប៉ុណ្ណោះ ដែលត្រូវបានដោះលែងឲ្យវិលត្រឡប់មកផ្ទះសម្បែងខ្លួនវិញ ដោយលេសថា មិនទាន់គ្រប់អាយុ។
យោងតាមសម្តីសមត្ថកិច្ចប្រចាំនៅច្រកបឹងត្រកួននៃស្រុកថ្មពួកបានឲ្យដឹងថា សមត្ថកិច្ចថៃបានធ្វើការចោទប្រកាន់ទៅលើពលករខ្មែរទាំង១៤នាក់ថា បានធ្វើការខុសច្បាប់ក្នុងទឹកដីខ្លួនហើយកំពុងដាក់សំណុំរឿងឲ្យទៅតុលាការជំនុំជម្រះ។
សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃសៅរ៍ ទី៣ ខែមិថុនានេះ សមត្ថកិច្ចចម្រុះឈរជើងនៅចំណុចច្រកបឹងត្រកួនរួមទាំងអាជ្ញាធរឃុំគោករមៀតបានធ្វើការទំនាក់ទំនងជាមួយសមត្ថកិច្ចស្រុកតាប្រាយ៉ា ដើម្បីសុំឲ្យមានការដោះលែងពលករខ្មែរទាំងអស់ឲ្យមានសេរីភាពឡើងវិញដោយអនុវត្តទៅតាមកិច្ចព្រមព្រៀងទ្វេភាគីតែភាគីថៃបានលើកឡើងថា សម្រេចលើតុលាការខេត្តស្រះកែវ ព្រោះបានបញ្ជូនដល់ដៃតុលាការហើយ។ដោយការចរចារមិនអាចដោះស្រាយបាន នៅរសៀលថ្ងៃទី៣ ខែមិថុនានេះ មានក្រុមរថយន្តជាច្រើនគ្រឿង ដែលជាបងប្អូនសាច់ញាតិរបស់ពលករជាប់ឃុំបាននាំគ្នាមកឈប់ចតបិទមាត់ច្រកបឹងត្រកួន ដើម្បីមិនឲ្យរថយន្តធំៗរបស់ពលរដ្ឋថៃ ដែលចូលមកទិញ នឹងដឹកដំឡូងក្នុងភូមិសាស្ត្របឹងត្រកួនអាចវិលត្រឡប់ចូលទៅទឹកដីខ្លួនវិញបានទេ។ ការបិទនេះ គឺដើម្បីទាមទារឲ្យមានការដោះលែងបងប្អូនជាពលករទាំងអស់នោះមកវិញ៕