រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបន្ដចុះឃាត់ខ្លួនជនជាតិវៀតណាម១១នាក់ ដែលចូលមកធ្វើការ និងស្នាក់នៅដោយខុសច្បាប់ នៅភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រតិបត្តិការនេះធ្វើឡើងក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ លោកបន្តថា ក្នុងប្រតិបត្តិការខាងលើនេះកម្លាំងនគរបាលបានឃាត់ខ្លួនជនជាតិវៀតណាមទាំង១១នាក់នេះដែលលួចឆ្លងដែនចូល-ស្នាក់នៅ និងធ្វើការខុសច្បាប់គ្មានលិខិតឆ្លងដែន និងសៀវភៅការងារ។ ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំងនេះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីកសាងសំណុំរឿង ចាត់ការតាមច្បាប់អន្ដោប្រវេសន៍៕