ដោយ ៖ ប៉ែន សុផល
បាត់ដំបង ៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកំរៀងបានចុះប្រតិបត្តិការបង្ក្រាបករណីចរាចរណ៍លុយដុល្លារក្លែងក្លាយដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិខ្មែរថៃចំនួន៤នាក់ដកហូតបានក្រដាស់ប្រាក់ដុល្លារក្លែងក្លាយចំនួន៥៥៣០០ដុល្លារផងដែរ។
សមត្ថកិច្ចបានប្រាប់អោយដឹងថា ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីចរាចរណ៍ប្រាក់ដុល្លារក្លែងក្លាយខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង១១ និង២០នាទី ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧នៅចំណុច ក្រុមទី៦ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ។
ជនសង្ស័យត្រូវបានឃាត់ខ្លួនរួមមាន៖ ទី១.ឈ្មោះ គៀត គិស័ក ភេទប្រុសអាយុ៣៥ឆ្នាំជាជនជាតិថៃ រស់នៅផ្លូវសុវីនថៈវង់ ក្រុងបាងកក ។ ទី២ឈ្មោះ អ៊ុងអាត ស៊ីវាតកន ភេទប្រុសអាយុ២៨ឆ្នាំជាជនជាតិថៃ រស់នៅផ្លូវ១២ ឃុំបានព្រឹក ស្រុកក្រសាំង ខេត្តបុរីរាំ ប្រទេសថៃបុគ្គលិកក្រុមហ៊ុនមិតសូអែរ ។ ទី៣.ឈ្មោះ សំចិត កមភម ភេទប្រុសអាយុ៣៤ឆ្នាំជាជនជាតិថៃ រស់នៅផ្លូវវិថូនដាំលិ ឃុំបានបឹង ស្រុកបានបឹង ខេត្តឈុនបុរី ប្រទេសថៃ មុខរបរ បុគ្គលិកក្រុមហ៊ុន នីវសេន។ ទី៤ឈ្មោះបិត ផាត ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ជនជាតិខ្មែរ មុខរបរ កម្មករ។ ដកហូតវត្ថុតាងរួមមានប្រាក់ដុល្លារចំនួន៥៥៣០០ដុល្លារ ប្រភេទក្រដាស់ដុល្លារក្លែងក្លាយ សេរីចាស់ សេរីឆ្នាំ២០០៦។ ចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង៤នាក់បានសារភាពថា ប្រាក់ដុល្លារក្លែងក្លាយទាំងនេះជារបស់ឈ្មោះ ឈីត នៅក្រុងបាងកក។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកំពុងកសាងសុំណុំរឿងបញ្ជូនបន្តទៅតុលាការ៕