ដោយ ៖ ប៉ែន សុផល
បាត់ដំបង ៖ PM បាញ់ជាច្រើនគ្រាប់ផ្អើលដល់ប្រជាពលរដ្ឋក្នុងករណីបង្ក្រាបគ្រឿងញៀន ដែលហេតុការណ៍បង្កការភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចក្បែរអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ស្ថិតក្នុងភូមិ អូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។
យោងតាមការលើកឡើងពីមន្ត្រីកងរាជអាវុធហត្ថមួយរូបនៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនខាងលើនេះបានបង្ហើបប្រាប់អោយដឹងថា មុននឹងឈានដល់ការបង្ក្រាបឃាត់ខ្លួនទៅលើជនសង្ស័យពាក់ព័ន្ធករណីជួញដូរថ្នាំញៀនរូបនេះ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបានតាមដានអង្កេតអស់រយៈពេល២ខែមកហើយទើបឈានដល់ការបង្ក្រាបឃាត់ខ្លួនបាននៅថ្ងៃនេះ។
មន្ត្រីដដែលបន្តថា ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះចំរើន តាដា ហៅ ពាវ ភេទប្រុស អាយុ ៣១ឆ្នាំរស់នៅភូមិរាំងក្រោល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបងជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគាម្តងរួចមកហើយក្នុងករណីជួញដូរគ្រឿងញៀនដែរ។ វត្ថុតាងដកហូតបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកចំនួនទម្ងន់២៦,០៧ក្រាម និងរថយន្តចំនួន១គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងបាននិងកំពុងឃាត់ខ្លួននៅការិយាល័យជំនាញនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងនិងកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕