នគរបាលអន្ដោប្រវេសន៍បន្ដចុះឃាត់ខ្លួនវៀតណាមរស់នៅខុសច្បាប់១៤នាក់
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលអន្តោប្រវេសន៍នៅព្រលឹមថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧នេះបានបន្តចុះឃាត់ខ្លួនជនជាតិវៀតណាមរស់នៅចំនួន១៤នាក់នៅភូមិអូរអណ្តូង និងភូមិបឹងព្រលឹត សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានឲ្យដឹងថា ប្រតិបត្តិការនេះកម្លាំងជំនាញបានពិនិត្យឃើញមានជនជាតិវៀតណាមចំនួន២៩នាក់ ស្រី០៥នាក់ ក្នុងនោះប្រើប្រាស់ឯកសារមិនត្រឹមត្រូវចំនួន១៤នាក់ ស្រី០២នាក់។ លោកបញ្ជាក់ថា ក្រោយត្រួតពិនិត្យបានបញ្ជូនជនជាតិវៀតណាមទាំង១៤នាក់ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងចាត់វិធានការតាមនីតិវិធី៕