តេហរ៉ង់ ៖ ក្រុមឧទ្ទាម ISIS បានបើកការវាយប្រហារដ៏កក្រើកចំនួន២លើកលើសភាអ៊ីរ៉ង់ និងទៅលើផ្នូររបស់ស្ថាបនិកសាធារណរដ្ឋអ៊ីរ៉ង់លោក Ayatollah Khomeini នៅក្នុងរដ្ឋធានីតេហេរ៉ង់ កាលពីម្សិលមិញបណ្តាលឲ្យមនុស្ស១២នាក់ស្លាប់ និង៤២នាក់ផ្សេងទៀតបានទទួលរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ។
មន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់បានថ្លែងថា ជនសកម្មប្រយុទ្ធចំនួនបួននាក់ដែលបានបើកការវាយប្រហារទៅលើសភាអ៊ីរ៉ង់ និងពីរផ្សេងដែលបានធ្វើសកម្មភាពនៅផ្នូររបស់លោក Ayatollah Khomeini នោះ ត្រូវបានកម្លាំងសន្តិសុខបាញ់សម្លាប់ ខណៈភេរវករម្នាក់ទៀត ត្រូវចាប់ខ្លួនបន្ទាប់ពីទទួលរងរបួស។ មន្ត្រីដដែលបញ្ជាក់ថា ការវាយប្រហារដ៏កក្រើករបស់ក្រុម ISIS ចំនួនពីរលើកនេះមិនធ្លាប់មានពីមុនមកទៅដោយមានទាំងសកម្មភាពបាញ់ប្រហារ រួមទាំងបំផ្ទុះគ្រាប់បែកអត្តឃាតផងដែរ ។
ជុំវិញករណីនេះក្រុមភេរវករ ISIS តាមរយៈប្រព័ន្ធព័ត៌មានរបស់ខ្លួនឈ្មោះ Amaq បានអះអាងដូច្នេះថា «ក្រុមអ្នកប្រយុទ្ធ ISIS បានដឹកនាំការវាយប្រហារនៅឯផ្នូរ Ayatollah Khomeini និងអាគារសភាអ៊ីរ៉ង់»៕