ខេត្តស្វាយរៀង ៖ កូនតិរច្ឆានខណៈស្រវឹងស្រាជោក ត្រឡប់មកផ្ទះ ត្រូវឪពុកស្ដីបន្ទោសបន្តិចបន្តួច ផ្ទុះកំហឹងបានទាញយកកាំបិតកាប់រហូតដល់ស្លាប់ ដែលករណីដ៏ព្រៃផ្សៃនេះបានកើតឡើងកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ នៅវេលាម៉ោង២ និង៤៦នាទី នៅភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង។
បើយោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា៖ជនសង្ស័យមានឈ្មោះ លី ថែ អាយុ២៩ឆ្នាំ មុខរបរកសិករ មានទីលនៅភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង។ ចំពោះជនរងគ្រោះជាឪពុកមានឈ្មោះ លី ចាន់ថន អាយុ៥៦ឆ្នាំ មុខរបរ កសិករ មានទីលំនៅនៅភូមិ ឃុំជាមួយគ្នា ដោយរងរបួសត្រង់កំភូនដៃស្តាំហូរឈាមជាច្រើនបណ្តាលឲ្យស្លាប់នៅនឹងកន្លែងតែម្តង។
សមត្ថកិច្ចនគរបាលបន្តថា នៅមុនពេលមានរឿងកាប់សម្លាប់គ្នាកើតឡើង ដោយឈ្មោះ លី ថែ ជនសង្ស័យត្រូវជាកូនបានផឹកស្រាឡើងស្រវឹងជោគហើយត្រឡប់មកផ្ទះវិញហើយឃើញដើរទ្រេតទ្រោតចង់ដួល ទើបបុរសជាឪពុកបានស្ដីបន្ទោសពីរឿងមិនចេះជួយធ្វើការរកស៊ី ចេះតែដើរផឹកស៊ី ដោយសារឪពុកស្ដីឲ្យ ណាមួយជាតិស្រវឹងចូលខ្លួន ក៏កើតមានទំនាស់ពាក្យសម្ដីគ្នារហូតដល់ស្ទុះទៅយកកាំបិតកាប់ឪពុកបង្កើតទាល់តែស្លាប់ តែម្ដង ។
បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលឃាត់ខ្លួនយកទៅសាកសួរអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាចាត់ការតាមច្បាប់៕
គ្រាន់តែឪពុកស្តីប្រដៅបន្តិចបន្តួច ខឹងទាញកាំបិតកាប់រហូតស្លាប់