រាជធានីភ្នំពេញ ៖ សម្តេច ហ៊ុន សែន ប្រធានបក្សកាន់អំណាចបានសរសេរនៅលើទំព័រ Facebook របស់សម្តេចនាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ នេះថា «លទ្ឋផល បឋមនៃការបោះឆ្នោតគឺបានបញ្ជាក់ច្បាស់ថា ពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បំផុតគាំទ្រសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន»។ សម្តេចបញ្ជាក់ថា ប្រជាពលរដ្ឋបានឃើញច្បាស់នូវស្នាដៃ និងសមិទ្ធិផលជាតិជាច្រើនត្រូវបានកើតឡើងក្រោមការដឹកនាំរបស់សម្តេចតេជោ ដែលបានផ្តល់នូវទំនុកចិត្ត និងការគាំទ្រយ៉ាងច្រើនលើសលប់បំផុតពីប្រជាពលរដ្ឋ ដែលធានាបាននូវជ័យជម្នះទាំងសម្រាប់អាណត្តិនេះ និងនៅអាណត្តិក្រោយៗទៀត ។
ប្រធានគណបក្សប្រជាជន ថែមទាំងបានបន្តថា «កម្ពុជាត្រូវតែបោះជំហានទៅមុខដើម្បីវិបុលភាពសម្រាប់ប្រទេសជាតិទាំងមូល»។ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណសារជាថ្មីដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដែលនៅតែជឿជាក់ និងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា តាំងពីអា ណត្តិមុនៗមកទល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤នេះ៕