ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋខ្មែរត្រូវតម្រួតថៃឃាត់១៣នាក់ត្រូវបានដោះលែងនៅរសៀលម្សិលមិញនេះ និងមកដល់ខាងភាគីកម្ពុជាវិញ តាមច្រកបឹងត្រកួននៅវេលាម៉ោង៦ និង៤០នាទីយប់ ថ្ងៃទី០៧ ខែ មិថុនា ឆ្នាំ២០១៧ ហើយត្រូវបានបង់ថ្លៃដេកគុកចំនួន៣០០បាតក្នុងមួយនាក់ សរុប៣៩០០០បាត ជាថ្នូរនិងការដោះលែងនេះ ដែលអភិបាលស្រុកតាប្រាយ៉ាជួយចេញពាក់កណ្តាល។
តាមប្រភពដដែលបានបញ្ជាក់ថា ក្រោយពីពួកគាត់បានឃើញបងប្អូនពលរដ្ឋខ្មែរទាំង១៣នាក់ បានរួចផុតពីការឃុំឃាំង និងបានវិលត្រលប់មកដល់ទឹកដីខាងកម្ពុជាវិញហើយនោះ ពួកកាត់ក៏ព្រមដោះលែងរថយន្តថៃដែលចូលមកដដឹកដំឡូងទៅកាន់ទឹកដីថៃជាធម្មតាវិញ។
គួររំលឹកថា តម្រូតថៃបានឃាត់ខ្លួននិងឃុំឃាំង ប្រជាពលរដ្ឋខ្មែរចំនួន១៣នាក់ កាលពីល្ងាចថ្ងៃទី០២ខែមិថុនាឆ្នាំ២០១៧កន្លងទៅ ហើយបងប្អូនប្រជាពលរដ្ឋខ្មែរត្រូវជាសាច់ញាតិនាំគ្នាយករថយន្តនិងលូបិទផ្លូវឃាត់រថយន្តថៃចំនួន២៦គ្រឿងតាមផ្លូវដើម្បីជាថ្នូរការដោះដូរប្រជាពលរដ្ឋដែលថៃឃាត់ខ្លួន។
ក្រោយពីឃាត់ខ្លួនពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរបានឃាត់រថយន្តដឹកដំបូងថៃ អស់រយះពេលជិតមួយសប្តាហ៍មក លោក ផ្លែក វ៉ារី អភិបាលស្រុកថ្មពួកបានប្រាប់ថា លោកអភិបាលខេត្តបន្ទាយមានជ័យ លោក សួន បវរ បានអោយលោកនិងអាជ្ញាធរមូលដា្ឋនសហការអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវទំនាក់ទំនងជួបភាគីថៃដើម្បីដោះស្រាយ រហូតដល់ព្រឹកថ្ងៃទី០៧ខែមិថុនាឆ្នាំ២០១៧បានជួបប្រជុំអភិបាលស្រុកតាប្រាយ៉ាខេត្តស្រះកែវប្រទេសថៃ ដើម្បីសម្រេចចំណាយថវិកាខាងកម្ពុជា៥០ភាគរយ និងភាគីថៃ ៥០ភាគរយ ដើម្បីធានាពលរដ្ឋចេញមកវិញនៅយប់ថ្ងៃដដែលនេះផងដែរ៕