ក្រចេះ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅផ្លូវជាតិលេខ៧ត្រង់គីឡូម៉ែត្រ៣៩៤ក្រចេះ-ស្ទឹងត្រែងមានរថយន្តសាំយ៉ុងមួយគ្រឿង ក្រឡាប់បីទៅបួនត្រឡប់ដោយខ្លួនឯង បណ្តាលឲ្យមនុស្សស្លាប់ពីរនាក់និងរងរបួសធ្ងន់ពីរនាក់។ ហេតុការណ៍នេះកើតឡើងនៅក្នុងភូមិអូរគ្រៀងឃុំអូរគ្រៀង ស្រុកសំបូរខេត្តក្រចេះកាលពីល្ងាចថ្ងៃទី០៨ខែមិថុនាឆ្នាំ២០១៧។
លោក នួន សារិន អធិការរងទទួលផែនសណ្តាប់ធ្នាប់ស្រុកសំបូរ បានឱ្យដឹងថា ករណីខាងលើនេះបង្កឡើងដោយខ្លួនឯង ដោយមានរថយន្តស៊ាំយ៉ុងមួយគ្រឿងដឹកតំនើរចំនួន៧នាក់ ធ្វើដំណើរពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុរថយន្តបានផ្ទុះកង់ក្រោយក៏ក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឲ្យមនុស្សស្លាប់ពីរនាក់និងប្រាំនាក់រងរបួសស្រាល។
លោកបានបន្ថែមថាជនរងគ្រោះ ៖ ឈ្មោះ អ៊ុន សុខ ភេទស្រី អាយុ៧៣ឆ្នាំ(ស្លាប់)មានទីលំនៅ ភូមិសំពរ ឃុំស្វាយទាល ស្រុកចំការលើខេត្តកំពុងចាម។ ឈ្មោះ សោម តុលា ភេទប្រុស អាយុ៥ឆ្នាំ(ស្លាប់)មានទីលំនៅក្នុងភូមិជាមួយគ្នា។ ៣ឈ្មោះ សោម នៀម ភេទស្រី អាយុ៤៩ឆ្នាំ។ ឈ្មោះ សោម សុគុណ ភេទស្រីអាយុ២០ឆ្នាំ។ ឈ្មោះសោម ស្រីណា ភេទស្រី អាយុ១៩ឆ្នាំ។ ឈ្មោះសោម ស្រីខួច ភេទស្រី អាយុ១២ឆ្នាំ។ ឈ្មោះ សោម សុខថៃ ភេទស្រី អាយុ៧ឆ្នាំ (រងរបួសស្រាល៥នាក់) រស់នៅក្នុងភូមិជាមួយគ្នារីឯអ្នកបើកបរអត់ស្គាល់អត្តសញ្ញាណ(គេចខ្លួនបាត់)នឹងរថយន្តត្រូវបាន សមត្ថកិច្ចជំនាញ យកទៅរក្សាទុកនៅប៉ុស្តិ៍នរគបាលរដ្ឋបាលអូរគ្រៀងដើម្បីរងចាំដោះស្រាយតាមនីតិវីធិច្បាប់។ ចំណែកសាកសពត្រូវបានប្រគល់ជូនដល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕