ខេត្តព្រះវិហារ ៖ កម្លាំងមន្ត្រីរដ្ឋបាលព្រៃឈើជាំក្សាន្ត ដឹកនាំដោយ លោក ម៉ក់ បញ្ញា នាយផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត សហការជាមួយកម្លាំងនគរបាលមូលដ្ឋានបានចុះបង្ក្រាបរថយន្តមួយគ្រឿងដឹកជញ្ជូនឈើគ្រញូងគេចពន្ធដែលធ្វើចរាចរណ៍តាមដងផ្លូវជាតិលេខ៦២ ។ ការបង្ក្រាបនេះធ្វើឡើងកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រីឯអ្នកបើកបររថយន្តល្មើសបានរត់គេចខ្លួន។
មន្ត្រីរដ្ឋបាលព្រៃឈើបានឱ្យដឹងថារថយន្តដឹកឈើគ្រញូងខុសច្បាប់ខាងលើម៉ាកកាមរីហើមស៊េរីឆ្នាំ១៩៩៣ពណ៌ត្រេអ៊ីគ្មានស្លាកលេខផ្ទុកឈើគ្រញូងគ្រាក់ចំនួន៨០ដុំទម្ងន់៣៨៥គីទ្បូក្រាមស្មើនឹង០,៣១០ម៉ែត្រគូប។បច្ចុប្បន្នវត្ថុតាងត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើនាំយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្ត។
គួរបញ្ជាក់ថាបទល្មើសព្រៃឈើគ្រប់ប្រភេទនៅតែចរាចរណ៍យ៉ាងរលូនរាល់ថ្ងៃចេញពីស្រុកជាំក្សាន្តនិងតំបន់ព្រំដែនប្រាសាទព្រះវិហារដោយឈ្មួញឈើទុច្ចរិតធ្វើការដឹកជញ្ចូនឆ្លងកាត់សង្កាត់រដ្ឋបាលព្រៃឈើកន្ទួតទាំងយប់ទាំងថ្ងៃតាមដងផ្លូវជាតិលេខ៦២ឆ្ពោះមកក្រុងព្រះវិហារហើយសង្ស័យសមត្ថកិច្ចមេព្រៃនិងជំនាញបរិស្ថាននៅទីនោះរង់ចាំរាប់ក្បាលទ្បានយកខ្ទង់តែប៉ុណ្ណោះ។
ចំណែកកុងត្រូលជជុះជ្រកក្រោមលេសស្នាក់ការសន្តិសុខការពារថែមទាំងគំរាមត្រៀមដាក់បារ៉ាសមុខបន្ទាយតាមដងផ្លូវជាតិលេខ៦២លេខ៦៤និងលេខ៩ក៍កំពុងធ្វើសកម្មភាពប្រមូលលុយខ្ទង់ពីបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេងជាន់កក្រុមឈ្មួញឈើទុច្ចរិតរាល់ថ្ងៃគ្មាននរណាហ៊ានរិះគន់និងប្រដៅពួកគាត់បានទ្បើយ៕