សកម្មជន CNRP ម្នាក់​ត្រូវ​​ឃាត់ខ្លួន​ពីបទ​តាំងខ្លួន​ជា​មេភូមិ​ថ្មី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 June, 2017 ក+ ក-

​ខេត្តបាត់ដំបង ៖ សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ម្នាក់​រស់នៅ​ភូមិ​អ​ង្ល​ង់​ល្វា ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ ខេត្តបាត់ដំបង ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ព្រឹក​ម្សិលមិញ បន្ទាប់ពី​រូបគាត់​តាំងខ្លួន​ឯង​ជា​មេភូមិ​ថ្មី ហើយ​យក​តួនាទី​ក្លែងក្លាយ​នេះ ទៅ​ចុះហត្ថលេខា​លើ​ឯកសារ​របស់​ប្រជាពលរដ្ឋ ។ សកម្មភាព​នោះ​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​បានដឹងថា គណបក្ស​សង្គ្រោះ​ជាតិ បានឈ្នះ​នៅក្នុង​ឃុំ​របស់គាត់ ហើយ​មុនពេល​បោះឆ្នោត​ថ្នាក់ដឹកនាំ​ខេត្ត​របស់ CNRP សន្យាថា នឹង​ប្រគល់​តំណែង​មេភូមិ​ឲ្យ​គាត់​ពេល​ឈ្នះឆ្នោត ។​
​សមត្ថកិច្ច​ខេត្តបាត់ដំបង បានឱ្យដឹងថា បុរស​ចំណាស់ ដែល​តាំងខ្លួន​ជា​មេភូមិ​ថ្មី​ដោយ​ខុសច្បាប់​នោះ មានឈ្មោះ ទុយ ចាន់ រស់នៅ​ភូមិ​អ​ង្ល​ង់​ល្វា ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ ខេត្តបាត់ដំបង ហើយ​ការចាប់ខ្លួន​នេះ ធ្វើឡើង​តាម​ពាក្យបណ្តឹង​របស់ លោក រួម នាង ជា​មេភូមិ​អ​ង្ល​ង់​ល្វា​។​
​តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច បានឱ្យដឹងថា កាលពី​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៧ លោក ទុយ ចាន់ បាន​តាំង​ខ្លួនឯង​ជា​មេភូមិ ហើយ​ចេញ​លិខិតបញ្ជាក់ រដ្ឋបាល ទៅឱ្យ​ប្រជាពលរដ្ឋ ដើម្បី​យកទៅ​ប្រើប្រាស់​តាម​លទ្ធភាព ។ សមត្ថកិច្ច​បានចាត់ទុក​ថា ករណីនេះ​គឺជា​កំហុស​ព្រហ្មទណ្ឌ​ដ៏​ធ្ងន់ធ្ងរ​មួយ ៕

fn-2017-06-13-08-57-33-0