រាជធានីភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា បានក្លាយជាគណបក្សដែលឈ្នះឡើងវិញ នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដោយមានចំនួនលើស គណបក្សសង្គ្រោះជាតិ៧សំឡេង បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ (PEC) រៀបចំរាប់សន្លឹកឆ្នោតឡើងវិញ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ។
សូមជំរាបថា កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ លទ្ធផលបឋមមួយ នៅក្រោយការបោះឆ្នោតបានអះអាងថា សង្កាត់ស្វាយប៉ាក ក្នុងចំណោមសង្កាត់ទាំង៧ ក្នុងខណ្ឌឫស្សីកែវ CPP បានចាញ់សន្លឹកឆ្នោត CNRP ដោយសំឡេង ២,៨០៦ ទល់នឹង ២,៨១១សំឡេង។
ចំពោះករណីនេះខាង CPP មិនសុខចិត្ត នឹងបានប្តឹងទៅ គ.ជ.ប ដើម្បីរាប់សន្លឹកឆ្នោតឡើងវិញ។ ក្រោយគណៈកម្មាធិការ រៀបចំការបោះឆ្នោត រាជធានីភ្នំពេញ ហៅកាត់ថា «PEC» ទទួលបានពាក្យបណ្ដឹងមួយចំនួនពីបញ្ហាមិនប្រក្រតីបានកើតឡើង នៅតាមការិយាល័យបោះឆ្នោត ទាំង១៣ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ទើប «PEC» ធ្វើការសម្រេចរាប់សន្លឹកឆ្នោតសារជាថ្មីឡើងវិញ តាំងពីព្រឹករហូតមកដល់ល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ ហើយរកឃើញថា ៖
លទ្ធផលបឋមសន្លឹកឆ្នោតរបស់គណបក្សសង្គ្រោះជាតិ មានមួយចំនួនដែលមិនអាចយកជាផ្លូវការបាន ពោលសន្លឹកឆ្នោតយកជាផ្លូវការរបស់ CNRP នៅសង្កាត់នេះ មានចំនួនតែ ២,៧៨៥ តែប៉ុណ្ណោះ ចំណែកគណបក្សប្រជាជនកម្ពុជា មានចំនួន២,៧៩២សំឡេង ដោយគណបក្សប្រជាជនកម្ពុជា ឈ្នះគណបក្សសង្គ្រោះជាតិ ចំនួន៧សំឡេង ៕