ខេត្តកណ្ដាល ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ ខឹងឪពុកម្តាយមិនស្តីរកក៏ជេរប្រមាថឪពុកម្តាយយ៉ាងចាស់ដៃព្រមទាំងដុតផ្ទះចោលថែមទៀត ដែលហេតុការណ៍កើតឡើងនៅភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។
តាមសមត្ថកិច្ចបានឲ្យថា កូនចិត្តទុយ៌សឈ្មោះ ខេង សុខនៅ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនប្រាកដ។ ឪពុកជាជនរងគ្រោះឈ្មោះ សុខ ឃី ភេទប្រុស៤១ឆ្នាំ ជនជាតិខ្មែរ មុខរបេរកសិករ នៅភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។ សមត្ថកិច្ចបន្តថា សម្ភារៈខូចខាតរួមមាន ១-ផ្ទះ០១ខ្នង ទំហំ ៥គុណនឹង៦ម៉ែត្រ សង់ពីឈើប្រក់សង្ក័សី ជព្ជាំងសង្ក័សី ឆេះខ្ទេចគ្មានសល់ ២.លុយខ្មែរ១០០.០០០រៀល ៣.ទូរទស្សន៍១គ្រឿង, ៤.កង់២គ្រឿង, ៥.គ្រែដេក១, ៦.ទូដាក់ខោអាវ២, ៧.សំបុត្របញ្ជាក់កំណើត៩ច្បាប់, ៨.អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរចំនួន៥សន្លឹក, ៩.សៀវភៅក២ និងក៤. ២ក្បាល។ ប្រភពបញ្ជាក់ថា ដើមចមបណ្តាលឲ្យបុរសរូបនោះផុតផ្ទះ ត្រូវបានឪពុករៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ជនសង្ស័យ(កូន)បានមកពីដើរផឹកស្រាស្រវឹង ហើយរករឿងជេរបញ្ចោរឪពុក ម្តាយ តែពួកគាត់មិនបាននិយាយតបតវិញទេ យល់ឃើញថាជាមនុស្សស្រវឹង ។
ប្រភពរាយការណ៍ថា ដោយមិនចង់ឃើញមុខកូនតិរច្ឆាននោះបុរសជាឪពុកបានដើរចេញទៅដេកនៅក្នុងផ្ទះប្អូនដែលនៅភូមិជាមួយគ្នានោះ។ ស្រាប់តែបន្តិចក្រោយមក ជនសង្ស័យក៏បានលួចដុតផ្ទះខ្លួនឯងចោល (ផ្ទះឪពុក) បណ្តាលឲ្យឆេះហ្មត់នៅសល់តែផេះ ដោយអន្តរាគមន៍ពីអ្នកស្រុក និងរថយន្តពន្លត់អគ្គីភ័យមិនទាន់។ ប៉ុន្តែភ្លាមៗ នោះជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងតាមនីតិវិធី៕