ម៉ូស្គួ ៖ សារព័ត៌មាន BBC បានចេញផ្សាយថា តុលាការរុស្ស៊ីបានសម្រេចផ្ដន្ទាទោសមេដឹកនាំគណបក្សប្រឆាំងលោក Alexei Navalny ឱ្យជាប់ឃុំក្នុងពន្ធនាគាររយៈពេល៣០ថ្ងៃ ក្រោមបទចោទប្រកាន់ រំលោភលើច្បាប់ប្រមូលផ្ដុំ និងការជួបជុំដោយខុសច្បាប់ ប្រឆាំងនឹងរដ្ឋាភិបាលរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។
លោក Alexei Navalny ត្រូវបានគេចាប់ឃុំខ្លួននៅក្នុងផ្ទះរបស់លោក ក្នុងទីក្រុងម៉ូស្គូ កាលពីព្រឹកថ្ងៃចន្ទ មុននឹងមានបាតុកម្មតវ៉ាប្រឆាំងនឹងអំពើពុករលួយ នៅក្នុងប្រទេសរុស្ស៊ី ដោយមានការចូលរួមពីក្រុមបាតុកររាប់ពាន់នាក់។ ទន្ទឹមគ្នានោះដែរ អាជ្ញាធររុស្ស៊ី បានសម្រេចចិត្តបំបែកក្រុមបាតុករទាំងនេះ ដោយមានការចាប់ឃាត់ខ្លួនមនុស្សមួយចំនួនផងដែរ។
គួរបញ្ជាក់ថា នេះគឺជាលើកទី០២ហើយ ដែលមេបក្សប្រឆាំងរូបនេះត្រូវបានចាប់ខ្លួននៅក្នុងឆ្នាំនេះ៕