វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយថា ប្រធានាធិបតីអាមេរិកដ៏ចម្រូងចម្រាសលោក ដូណាល់ ត្រាំ ត្រូវបានក្រុមអ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យច្រើនជាង១៩០នាក់ ដាក់ពាក្យប្ដឹងទៅតុលាការសហព័ន្ធកាលពីម្សិលមិញ ក្រោមបទចោទប្រកាន់ ទទួលមូលនិធិពីរដ្ឋាភិបាលបរទេស។
ព្រឹទ្ធសមាជិក៣០រូប និងសមាជិកសភាអាមេរិក ១៦៦រូប នៃគណបក្សប្រជាធិបតេយ្យ បានដាក់ពាក្យប្ដឹងលោក ដូណាល់ ត្រាំ ដោយផ្អែកលើរដ្ឋធម្មនុញ្ញអាមេរិក ដែលចែងថា មន្ត្រីរាជការសាធារណៈអាមេរិក មិនអាចទទួលយកមូលនិធិ ឬក៏អំណោយណាមួយពីរដ្ឋាភិបាលបរទេសឡើយ បើគ្មានការអនុញ្ញាតពីសភាពអាមេរិក។
យោងតាមភាគីដើមបណ្ដឹង លោក ដូណាល់ ត្រាំ មិនបានស្នើសុំការអនុញ្ញាតពីសភាអាមេរិកឡើយ ក្នុងការទទួលមូលនិធិពីរដ្ឋាភិបាលបរទេស និងការចំណាយប្រាក់ទៅលើក្រុមហ៊ុនរាប់រយរបស់លោក គិតចាប់តាំងពីបានចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីខែមករាមក បើទោះជារដ្ឋធម្មនុញ្ញាតម្រូវឱ្យលោកស្នើសុំការយល់ព្រម ពីសភាជាមុនក៏ដោយ។
ទោះបីជាយ៉ាងណាខាងសេតវិមានមិនទាន់ធ្វើការអត្ថាធិប្បាយអ្វីនៅឡើយទេ ប៉ុន្តែបានបញ្ជាក់ថា អាជីវកម្មរបស់លោក ត្រាំ មិនបានរំលោភលើរដ្ឋធម្មនុញ្ញនោះទេ៕