ខេត្តកំពង់ចាម ៖ មានករណីបាញ់បោះធ្វើអោយភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដោយតែសារមានសមត្ថ កិច្ចចំរុះរបស់ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានរួមគ្នាបើករថយន្តដេញតាមរថយន្តដឹកសសរសម្រាប់ធ្វើផ្ទះ មួយគ្រឿង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២ និង៤០នាទីថ្ងៃត្រង់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០១៧ ដែលស្ថិតនៅតាមផ្លូវជាតិលេខ៦ ម្តុំផ្សារផ្អាវ ភូមិផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។
បើតាមសមត្ថកិច្ចអធិការដ្នានស្រុកព្រៃឈរបានឲ្យដឹងថាសមត្ថកិច្ចចំរុះដែលបានដេញតាមរថយន្តដឹក សសរនោះរួមមាន ៖ ទី១- ឈ្មោះ ផុន វាសនា ឋានៈនាយផ្នែកសន្តិសុខនគរបាល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ទី២- ឈោះ ជាតិ សំណាង ជាយោធាឋាន្តរស័ក្កិអនុសេនីយ៍ត្រី ជំនួយការហ្វឹកហ្វឺន ស្រុកត្បូងឃ្មុំ (ជាអ្នកបាញ់បោះកាំភ្លើង Ak47 ចំនួន01គ្រាប់)។ ទី៣- ឈោះ កេត តារា អាយុ៣២ឆ្នាំ ជាយោធាឋានន្តរស័ក្តិនាយចំណង់ ស្រុកត្បូងឃ្មុំ។ ទី៤- ឈោះ ម៉ៅ អឿន អាយុ៤២ឆ្នាំ ជាយោធាឋានន្តស័ក្កិអនុសេនីយ៍ទោ (កងការពារ) ស្រុកត្បូងឃ្មុំ។ ទី៥- ឈ្មោះ ខែម សុធារ័ត្ន អាយុ៣៣ឆ្នាំ ជាមន្ត្រីអាវុធហត្ថ ឋានន្តរស័ក្តិនាយផ្នែកសន្តិសុខ និងទី៦- ឈ្មោះ វ៉ាន់ សុទ្ឋ អាយុ២៨ឆ្នាំ ជាមន្ត្រីអាវុធហត្ថ នន្តរស័ក្តិនាយចំណង់។
ជនសង្ស័យទាំង៦នាក់នោះត្រូវកងកម្លាំងស្រុកព្រៃឈរឃាត់ខ្លួនដែលបានពាក់ព័ន្ធនិងការបាញ់បោះដេញគំរាម និងបានឃាត់រថយន្តដឹកឈើមួយគ្រឿងរត់ពីខេត្តស្ទឹងត្រែងមក ឆ្លងកាត់ខេត្តត្បុងឃ្មុំ រហូតដល់ទឹក ដីខេត្តកំពង់ចាមនៅត្រង់ចំណុចភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ព្រមទាំងឃាត់បានព្រូម្នាក់ ឈ្មោះ រីម សុខរឹម អាយុ២៧ឆ្នាំ រស់នៅភូមិកោះកន្ដឹន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងហើយ ព្រូ រថយន្តនេះបានប្រាប់អោយដឹងទៀតថា រូបគេបានតាមរថយន្តដឹកសសរនេះមូលហេតុម្ចាស់រថយន្ត ជំពាក់លុយមិនទាន់សង ហើយការបើកតាមផ្លូវពួកគេបានបង់លុយអោយសមត្ថកិច្ចគោលដៅរួចហើយ តែស្រាប់មកដល់ទឹកដីខេត្តត្បូងឃ្មុំមានរថយន្តជាច្រើនគ្រឿងបើកដេញតាមពីក្រោយស្ទាក់ចាប់ទារប្រាក់ ទៀត។
ក្នុងប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចបានដកហូតរថយន្តម៉ាកសាំងយ៉ុង១គ្រឿងពណ៌លឿង ដែលដឹក សសរចំនួន១៦ដើម ខ្លី១៣ដើម វែង៣ដើមរបស់ប្រជាពលរដ្ឋយកទៅធ្វើផ្ទះ និងដកហូតពី កាំភ្លើង AK01 ដើម គ្រាប់២៤គ្រាប់, រថយន្តម៉ាកកាំរី បាឡែន១គ្រឿង ស្លាក លេខ 2Q-2237, រថយន្តម៉ាកកាំរី បាឡែន១ គ្រឿង ស្លាកលេខ 2T-4068 និងរថយន្តម៉ាកហាយហ្វ្រីតមួយគ្រឿង ស្លាក លេខខេមរភូមិន្ទ។
ជុំវិញករណីនេះដែរ ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានប្រាប់ថា នៅ រសៀលថ្ងៃនេះថា លោកបានប្រាប់ទៅខាងសមត្ថកិច្ចខេត្តកំពង់ចាម ឲ្យចាប់បញ្ជូនឡើងតុលាការតែម្តង ដោយសារតែពួកគេជាកងកម្លាំងប្រដាប់អាវុធតែបែរជាធ្វើខុសតួនាទី និងខុសច្បាប់ទៅវិញ។
លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ថា ស្នងការខេត្តត្បូងឃ្មុំ ក៏ដូចជា អធិការស្រុកត្បូងឃ្មុំ អត់ចូលរួមទទួលខុសត្រូវរឿងនេះដាច់ខាត ពីព្រោះឈ្មោះនេះ បានលួចទៅបេសក កម្មដោយគ្មានបញ្ជា ហើយខាងកងរាជអាវុធហត្ថ លោក វីរៈ ជាមេបញ្ជាការរង ក៏មានជំហរដូចគ្នានឹង ស្នង ការខេត្តត្បូងឃ្មុំបានឯកភាពគ្នាឲ្យអាជ្ញាធរ និងសមត្ថកិច្ចខេត្តកំពង់ចាម បញ្ជូនជនទាំងនេះ ទៅតុលាការ ដើម្បីកាត់ទោសតាមច្បាប់»៕