ខេត្តកំពង់ស្ពឺ ៖ តាមសេចក្តីរាយការណ៍ឲ្យដឹងថា អ្នកភូមិ ក្នុងឃុំសែនដី ស្រុកសំរោងទង ចំនួនជិត៤០នាក់ បានពុលនំបញ្ចុក បន្ទាប់ពីពួកគាត់បានទិញនំបញ្ចុក ដែលគេលក់តាមភូមិយកមកហូប កាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ដែលម្នាក់ៗ មានអាក្ការៈចុចពោះក្អួតចង្អោរ និងវិលមុខ។
សេចក្តីរាយការណ៍ដដែលបញ្ជាក់ថា អ្នកភូមិជិត៤០នាក់ ក្នុងភូមិត្រពាំងកេស និងភូមិស្រះស្រង់ ឃុំសែនដី បានពុលនំបញ្ចុក ខ្លះមានអាការៈចុកពោះ រាគរូស ក្អួតចង្អោរ ហើយការពុលនោះ មានច្រើនភូមិណាស់ មានតាំងពីឃុំពេជមុនី ស្រុកគងពិសី ឃុំសែនដី ឱ្យតែទិញនំបញ្ចុក ដែលគេដឹកលក់តាមម៉ូតូហូប គឺពុលគ្រប់គ្នា ប៉ុន្តែមិនធ្ងន់ធ្ងរនោះទេ។
លោក អោ វ៉ាន់ថេន ប្រធានមន្ទីរពេទ្យបង្អែក បានឲ្យដឹងថា អ្នកដែលពុលទាំងនោះ មានគ្នាប្រមាណជា៤០នាក់ ក្នុងនោះមានម្នាក់ធ្ងន់ធ្ងរ បានបញ្ជូនទៅកាន់ មន្ទីរពេទ្យបង្អែកខេត្តហើយ ដើម្បីជួយសង្គ្រោះ តែលោកមិនទាន់ហ៊ានសន្និដ្ឋានថា មកពីមូលហេតុអ្វីពិតប្រាកដនោះទេ៕