រាជធានីភ្នំពេញ ៖ ខណៈដែលលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សរួបរួមជាតិ កំពុងបកស្រាយរឿងចោទប្រកាន់រូបលោកថា បានទូរស័ព្ទទៅលោក អេង ឆៃអ៊ាង ដើម្បីឲ្យសកម្មជនបោះឆ្នោតឲ្យ CNRP នោះ ឥឡូវនេះ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងប្រាប់សារព័ត៌មានក្នុងស្រុកមួយថា លោក ញឹក ប៊ុនឆៃពិតជាបានទូរស័ព្ទទៅលោកប្រាកដមែន ដោយប្រាប់ថា សមាជិកគណបក្សខ្មែររួបរួមជាតិ នឹងបោះឆ្នោតជូន គណបក្សសង្គ្រោះជាតិ នៅឃុំ/សង្កាត់ណា ដែលគណបក្សខ្មែររួបរួមជាតិ មិនបានឈរឈ្មោះ។
លោក អេង ឆៃអ៊ាង បានបញ្ជាក់ថា «ខ្ញុំគ្រាន់តែនិយាយការពិតថា ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧ហ្នឹង គាត់ (ញឹក ប៊ុនឆៃ) បានទូរស័ព្ទមករកខ្ញុំពិតមែន គាត់ពិតជាប្រាប់អញ្ចឹងមែន ។ ប៉ុន្តែខ្ញុំមិនមានការភ្ញាក់ផ្អើលទេ ព្រោះខ្ញុំយល់ថា បើសិនជាគាត់មានអ្នកគាំទ្រ គឺគាត់រើសបេក្ខជនបានហើយ មិនចាំបាច់បង្គាប់ឱ្យបោះអីទេ»។
យ៉ាងណាក៏ដោយ លោក អ៊េង ឆៃអ៊ាង បានហៅការទូរស័ព្ទចូលទៅលោករបស់ លោក ញឹក ប៊ុនឆៃ ទៅកាន់លោកពេលនោះ គឺជាល្បិចកលមួយ ព្រោះលោកធ្លាប់បានស្គាល់លោក ញឹក ប៊ុនឆៃ ចាប់តាំងពីលោកស្ថិតនៅក្នុងគណបក្សហ្វ៊ុស៊ិនប៉ិចមកម្ល៉េះ៕