ឡុងដ៍ ៖ អាជ្ញាធរអង់គ្លេសបានអះអាងថា ករណីអគ្គិភ័យឆេះអគារខុនដូកម្ពស់២៤ជាន់ មួយកន្លែង នៅឯទីក្រុងឡុងដ៍ ចំនួនអ្នកស្លាប់អាចនឹងកើនឡើងលើស១០០នាក់ បើទោះជាបច្ចុប្បន្នតួលេខផ្លូវការ ជនរងគ្រោះដែលបានបាត់ បង់ជីវិតមានត្រឹម១៧នាក់យ៉ាងណាក្តីក្នុង ។ នេះបើយោងតាមសារព័ត៌មាន Telegraph។
បើតាមសេវាសុខាភិបាលអង់គ្លេសក៏បានឲ្យដឹងដែរថា មនុស្សចំនួន២៤នាក់កំពុងបន្តសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យជាច្រើន ទូទាំងទីក្រុងឡុងដ៍ ដោយក្នុងនោះមាន១២នាក់ នៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដដែល។ យោងតាមប៉ូលិសអង់គ្លេស មនុស្សយ៉ាងតិចចំនួន១៧នាក់បានស្លាប់ ហើយចំនួននេះត្រូវបានគេរំពឹងថា អាចនឹងបន្តកើនឡើង ត្បិតមនុស្សជាច្រើននាក់ នៅតែបន្តបាត់ខ្លួននៅឡើយដែលត្រូវគេសង្ស័យថា បានជាប់ខ្លួននៅក្នុងអគារកើតហេតុ។
សូមរម្លឹកថា កាលពីវេលាម៉ោង១ និង១៦នាទីយប់ថ្ងៃពុធ (ម៉ោងក្នុងតំបន់) អគារខុនដូឈ្មោះថា Grenfell Tower ស្ថិតនៅក្នុងសង្កាត់ North Kensington ភាគខាងលិចទីក្រុងឡុងដ៍ត្រូវបានអគ្គិសភ័យឆាប់ឆេះពីជាន់ទីពីររហូតដល់ជាន់លើបំផុត គ្រាដែលមនុស្សរហូតដល់៦០០នាក់ មានទាំងកុមារ និងជនចាស់ជរាត្រូវគេជឿជាក់ថា បានស្ថិតក្នុងលំនៅឋានប្រមាណ១២០ខ្នង ដែលនៅក្នុងអគារកម្ពស់២៤ជាន់នោះ។
ទោះបីយ៉ាងណារហុតមកទល់ពេលនេះ មូលហេតុនៃអគ្គិភ័យក៏ពុំទាន់ត្រូវបានគេបញ្ជាក់ឱ្យច្បាស់នោះទេ ខណៈដែលការស៊ើបអង្កេត បាននិងកំពុងបន្តប្រព្រឹត្តទៅ៕