រាជធានីភ្នំពេញ ៖ បុរសជាជនជាតិបារាំងកាត់ខ្មែរវ័យម្នាក់ បានវាយភេទទី៣ច្រើនដៃ បណ្តាលឲ្យសន្លប់ស្តូបស្តឹងនៅកន្លែងកើតហេតុ ព្រោះតែខឹងបុរសជាភេទទី៣បបួលសង្សារខ្លួនទៅជក់ថ្នាំ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០៣និង៣០នាទីទាបភ្លឺ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ១៣៦ នៅចំណុចបាបារាំង ខេនឌី ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ទីទី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបម្រើការនៅបាបារាំង ស្នាក់នៅផ្លូវ១៣០ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ។ មុនពេលកើតហេតុគាត់ជាជនជាតិបារាំងបានស្គាល់ស្ត្រីខ្មែរម្នាក់ដែលបម្រើការនៅក្នុងបាបារាំងមួយកន្លែង និងបានរស់នៅជាមួយគ្នាជាប្តីប្រពន្ធរយៈពេល២ឆ្នាំមកហើយ ។ ប៉ុន្តែជាង២ខែកន្លងមកនេះ ជនរងគ្រោះជាភេទទី៣តែងតែទៅបបួលប្រពន្ធរបស់គាត់ទៅជក់ថ្នាំជាញឹកញាប់ ទោះបីគាត់ហាមមិនឲ្យមកបបួលទៅជក់ថ្នាំទៀតក៏នៅតែមកបបួល ។
សមត្ថកិច្ចបន្តថា នៅវេលាម៉ោងជាង០៣ទៀបភ្លឺ បុរសជនជាតិបារាំងបានទៅរកសង្សារដល់ម៉ោងចេញពីធ្វើការ ស្រាប់តែឃើញជនរងគ្រោះបានទៅបបួលប្រពន្ធរបស់គាត់ទៅជក់ថ្នាំទៀត ធ្វើឲ្យគាត់ខឹង ក៏វាយស្ត្រីភេទទី៣ឲ្យសន្លប់តែម្តង ៕