រាជធានីភ្នំពេញ ៖ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងថា លោកនឹងបញ្ឈប់នយោបាយចងកំហឹងជាមួយជនជាតិវៀតណាមហើយ បន្ទាប់ពីគណបក្សរបស់លោក ធ្លាប់បានធ្វើការអំពាវនាវឲ្យប្រជាជនកម្ពុជា មានកំហឹងគុំគួនទៅលើជនជាតិវៀតណាម ដើម្បីទទួលបានសម្លេងឆ្នោត ។ លោកថា ការប្រើប្រាស់នយោបាយជាតិនិយមជ្រុល ឃោសនាឲ្យចងកំហឹងជាមួយជនជាតិវៀតណាមនេះ គឺជាការខុសឆ្គងផ្នែកនយោបាយ វាបង្កឲ្យមានកំហឹង ពូជសាសន៍ ។
គួរម្លឹកថា លោក សម រង្ស៊ី និងលោក កឹម សុខា រួមទាំងសកម្មជន CNRP ជាញឹកញាប់តែងតែប្រើវោហាស័ព្ទឃោសនា ឲ្យប្រជាពលរដ្ឋកម្ពុជាខឹងសម្បារ ចំពោះជនជាតិវៀតណាម ហើយ នយោបាយនោះបានធ្វើឲ្យគណបក្សប្រឆាំងមួយនេះ ទទួលបានសន្លឹកឆ្នោតគាំទ្រយ៉ាងច្រើនផងដែរ ។ ដូចជាកន្លងមកវោហាស័ព្ទដែលមន្ត្រីកំពូលៗក៏ដូចជាសកម្មជនគាំទ្របក្សប្រឆាំងនានាលើកឡើងដូចជា ក្រុមហ៊ុនមួយចំនួនដែលកំពុង គ្រប់គ្រងនៅលើទឹកដីកម្ពុជា មានម្ចាស់សុទ្ធតែជនជាតិវៀតណាម ក្រុមហ៊ុនគ្រប់គ្រងការលក់សំបុត្រចូលទស្សនាអង្គរវត្ត, ក្រុមហ៊ុនគ្រប់គ្រងដីសម្បទានមួយចំនួន, សណ្ឋាគារនៅលើភ្នំបូកគោ ។ ល ។
ទន្ទឹមនោះរយះពេលចុងក្រោយនេះ សកម្មជនរបស់គណបក្សប្រឆាំងបានចោទប្រកាន់យ៉ាងធ្ងន់ធ្ងរថា កូនប្រុសច្បង និងភរិយា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាថា ជាកូនរបស់មេដឹកនាំជនជាតិវៀតណាមថែមទៀត ។
យ៉ាងណាក៏ដោយ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧នេះ តាមរយៈកាសែតភ្នំពេញប៉ុស្តិ៍ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានប្រកាសទទួលស្គាល់ថា គណបក្ស របស់លោកធ្លាប់បានធ្វើការអំពាវនាវឲ្យមានកំហឹងគុំគួន ទៅលើជនជាតិវៀតណាម ដើម្បីទទួលបានសម្លេងឆ្នោត ហើយលោកទទួលស្គាល់ថា នេះជាការខុសឆ្គង ផ្នែកនយោបាយនាពេលកន្លងមក៕