ខេត្តស្ទឹងត្រែង ៖ មន្ត្រីសាខាកាំកុងត្រូលខេត្តស្ទឹងត្រែងបានចុះធ្វើការត្រួតពិនិត្យលើផលិតផលទំនិញអាជីវករលក់ដូរនៅតាមផ្ទះ និងទីតាំងផ្សេងៗក្នុងផ្សាស្ទឹងត្រែង ជាពិសេសរកមើលផលិតផលប្រេងខ្យងម៉ាក Oyster Sauce ដែលបាននាំចូលមកពីក្រៅប្រទេសក្រោយមានការណែនាំពីអគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មថា មជ្ឈមណ្ឌលសុវត្ថិភាពផលិតផលម្ហូបអាហារក្រុងហុងកុងបានជូនដំណឹងអំពីការរកឃើញវត្តមានសារធាតុគីមី Propyl para-hydroxybezoate នៅក្នុងគំរូផលិតផលគ្រឿងផ្សំប្រេងខ្យង Oyster Sauce នៃកម្មវិធីអង្កេតពិនិត្យផលិតផលម្ហូបអាហារ ។
មន្ត្រីសាខាកាំកុងត្រូលឲ្យដឹងថា បន្ទាប់ពីអគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មជូនដំណឹងដល់ប្រធានសាខាកាំកុងត្រូលប្រចាំរាជធានី-ខេត្ត ជំនាញបានចុះធ្វើការត្រួតពិនិត្យ និងបង្ហាញនូវគំរូដែលបង្ហាញថា ជាផលិតផលរកឃើញវត្តមានសារធាតុគីមីដែលហាមប្រើក្នុងផលិតផលម្ហូបអាហារដើម្បីឲ្យអាជីវករទិញលក់ព្រមទាំងប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នអំពីហានិភ័យលើការបរិភោគ ។
លោក គឹម ប្រុស ប្រធានសាខាកាំកុងត្រូលខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ការដាស់ស្មារតីដល់ប្រជាពលរដ្ឋទូទៅឲ្យប្រុងប្រយ័ត្ននេះពីព្រោះកន្លងមកថ្មីៗនេះប្រេងខ្យងម៉ាក Oyster Sauce ត្រូវមន្ត្រីជំនាញបានពិនិត្យរកឃើញមានសារជាតិគីមីក្រោមបរិភោគ និងប៉ះពាល់ដល់ផ្នែកសុខភាព ។
លោកប្រធានសាខាបន្ថែមថា បញ្ហានេះយើងត្រូវស្វែងយល់ និងជួយពិនិត្យមើលទាំងអស់គ្នាដើម្បីលើកកម្ពស់សុខភាពដល់អ្នកប្រើប្រាស់ចៀសវាងកុំឲ្យប្រជាពលរដ្ឋទិញទៅបរិភោគអាចប៉ះពាល់សុខភាពបង្កជា ជម្ងឺរាករុះ ឈឺពោះ ក្អក ក្អួត ឬកើតជម្ងឺផ្សេងៗទៀតហើយចំពោះកុមារវិញបើព្យាបាលមិនទាន់អាចប្រឈមនឹងបាត់បង់ជីវិតបាន ។
គួរបញ្ជាក់ថា នេះជាលើកទី៦ហើយនៅក្នុងឆ្នាំ២០១៧ដែលមន្ត្រីសាខាកាំកុងត្រូលបានចុះអនុវត្តណែនាំ និងពិនិត្យទំនិញតាមទីកន្លែងលក់ដូរដើម្បីពង្រឹងការគាំពារសុខភាពប្រជាពលរដ្ឋអ្នកប្រើប្រាស់ និងបង្ការបញ្ចៀសនូវជម្ងឺឆ្លងដែលបណ្តាលមកពីការបរិភោគចំណីអាហារគ្មានអនាម័យ ៕