និស្សិត​អាមេរិក​ដែល​កូរ៉េខាងជើង​ដោះលែង​នោះ​ទទួលមរណភាព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 June, 2017 ក+ ក-

​វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារសារព័ត៌មាន​យ៉ុ​ន​ហាប់​បាន​រាយការណ៍​ថា និស្សិត​អាមេរិក​ម្នាក់​ដែល​កូរ៉េខាងជើង​ដោះលែង​ឱ្យមាន​សេរីភាព​តាម​គោលការណ៍​មនុស្សធម៌ បន្ទាប់ពី​បាន​ជាប់ឃុំ​អស់​រយៈពេល​ជាង​១៧​ខែ បានទទួល​មរណភាព​ហើយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ (​ម៉ោង​នៅក្នុង​សហរដ្ឋអាមេរិក​)​។​
​និស្សិត​អាមេរិក​រូបនេះ​ឈ្មោះ Otto Warmbier អាយុ​២២​ឆ្នាំ​បាន​ត្រឡប់​ទៅដល់​ទីក្រុង Cincinnati នៃ​រដ្ឋ Ohio កាលពី​ថ្ងៃទី​១៣ ខែមិថុនា ដោយ​រូបគេ​ស្ថិតនៅក្នុង​ស្ថានភាព​សន្ល​ប់​ស្ដូកស្ដឹង​មិនដឹង​ខ្លួន ខណៈដែល​កូរ៉េខាងជើង​បាន​អះអាងថា និស្សិត​រូបនេះ​មាន​ជំងឺ​ផ្នែក​ប្រព័ន្ធ​ប្រសាទ Botulism ហើយ​ការដោះលែង​នេះ​ទៀតសោត ធ្វើឡើង​ផ្អែកលើ​គោលការណ៍​មនុស្សធម៌​។​
​ក្រុមគ្រួសារ​និស្សិត​រូបនោះ​បាន​និយាយថា វា​រឿង​ជា​អកុសល ដោយសារតែ​គ្មាន​ការព្យាបាល​ត្រឹមត្រូវ និង​ទទួលរង​នូវ​អំពើ​សាហាវ ឃោរឃៅ​នៅ​កូរ៉េខាងជើង កូនប្រុស​ជាទី​ស្រឡាញ់​របស់​យើង បានទទួល​មរណៈភាព​ហើយ​នៅ​ម៉ោង​២ និង​២០​នាទី​រសៀល​ថ្ងៃ​ចន្ទ (​ម៉ោង​នៅ​សហរដ្ឋអាមេរិក​)​។ ទោះបីជា​យ៉ាងណា គ្រូពេទ្យ​អាមេរិក​ពុំទាន់​អាច​ទាន់​បញ្ជាក់​ឱ្យបាន​ច្បាស់ នៃ​មូលហេតុ​ជំងឺ​នេះ​នៅឡើយ​ទេ​។​
​គួរ​បញ្ជាក់ថា និស្សិត​ឈ្មោះ Otto Warmbier ត្រូវបាន​អាជ្ញាធរ​កូរ៉េខាងជើង​ចាប់ខ្លួន​កាលពី​ឆ្នាំ​២០១៦ និង​ត្រូវ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​១៥​ឆ្នាំ ក្រោម​ការចោទប្រកាន់ មាន​ចេតនា​ផ្ដួលរំលំ​រដ្ឋាភិបាល​លោក គីម ជុង​អ៊ុន​៕

fn-2017-06-20-08-59-51-1