ករណីចាប់​អ្នកកាសែត​នៅ​ខេត្តរតនគិរី​ផ្អើល​ដល់​ក្រសួង​ព័ត៌មាន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 June, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ កាលពី​ម្សិលមិញ​យ៉ាងហោចណាស់​ក៏មាន​អ្នកសារព័ត៌មាន​ប្រមាណ​ជាង​៥០​នាក់ តំណាង​ឲ្យ​អ្នកសារព័ត៌មាន មកពី​បណ្តា​ខេត្ត​ទាំង​២៥​របស់​ប្រទេស​កម្ពុជា​មកជួបជុំ​គ្នា​នៅ​ក្រសួង​ព័ត៌មាន ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែលជា​អាណាព្យាបាល​របស់ខ្លួន​ក្នុងករណី​អាជ្ញាធរខេត្ត​រន​គិរី គម្រាម និង​ចាប់​អ្នកសារព័ត៌មាន​ចំនួន​៤​នាក់ ក្រោម​មូលហេតុ​«​កំហែង​យក​» ដែល​ប្តឹង​ដោយ​ក្រុម​ឈ្មួញ​ឈើ​ខុសច្បាប់​គ្រា​គ់ៗ ប្រចាំខេត្ត ។​
​ក្រុម​អ្នកសារព័ត៌មាន​ថ្លែងថា ពួកគេ​មក​ទីនេះ​ដើម្បី​ស្នើ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែលជា​ឪពុកម្តាយ​ជួយ​អន្តរាគមន៍​សម្តេច​តេ​ជោ ហ៊ុន សែន និង​ក្រសួងយុត្តិធម៌​ដើម្បី​មាន​វិធាន​ច្បាប់​លើ​បុគ្គល​និង​មន្ត្រី​អាជ្ញាធរ​ដែល​ឃុបឃិត​ជាមួយ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​។ ទន្ទឹម​នោះ​អ្នកសារព័ត៌មាន​នៅ​ខេត្តរតនគិរី​កំពុង​ប្រឈមមុខ នឹង​ការ​កំហែង ដោយ​សមត្ថកិច្ច ទំនងជា​សហការ​ជាមួយ​ឈ្មួញ​រកស៊ី​ឈើ​ដ៏​ធំ​នៅ​ខេត្តរតនគិរី​។​
​សូមជម្រាបថា ការឡើង​មកសុំ​អន្តរាគមន៍​ពី​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ពេលនេះ គឺ​បន្ទាប់ពី​អ្នកសារព័ត៌មាន​៤​នាក់​រូប​នៅ​ខេត្ត​រតនគីរី ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​ពីបទ​កំហែង​យក​ដែល​ប្តឹង​ដោយ​ក្រុម​ឈ្មួញ​ឈើ ។ អ្នកកាសែត​ទាំងនោះ​រួមមាន ទី​១/ ឈ្មោះ ច័ន្ទ ដា​រ៉ា អ្នកយកព័ត៌មាន​អង្គភាព​TNM​អន​ឡាញ ទី​២/ ឈ្មោះ យ៉​ន ទិ​ត្យ ហៅ​ទិ​ត្យ​ឦសាន ឋានៈ​នាយករង​អង្គភាព​យុ​វន​ខ្មែរ​ព័ត៌មាន ទី​៣ ម៉ី​ម៉េង​ហ៊ុយ​អ្នកយកព័ត៌មាន​ដំណឹង​ភ្នំពេញ និង​ទី​៤ ឈ្មោះ ប៉េង សុត្ថា​រ៉ា​ក់ អ្នកយកព័ត៌មាន​ឱ្យ​អង្គភាព​CPN TV ។​
​បើតាម​អ្នកសារព័ត៌មាន​មកពី​បណ្តា​ខេត្ត​ទាំង​២៥​នោះ បាន​ជជែក ពី​បញ្ហា​កំហែង​អ្នកសារព័ត៌មាន​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​មួយចំនួន ដែល​ទំនងជា​សហការ​ជាមួយ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ នៃ​ខេត្តមណ្ឌលគិរី​នេះ ហើយ​ខេត្ត​នោះ​ក៏​កំពុង​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​នៃ​ការ​គម្រាមកំហែង​អ្នកសារព័ត៌មាន​ដែរ​។​
​ក្រុម​អ្នកសារព័ត៌មាន​ទាំងនោះ​ចាត់ទុក ការចាប់​អ្នកសារព័ត៌មាន​នោះ ជាការ​សងសឹក​បែប​គំនុំ​ដែល​អ្នកសារព័ត៌មាន​ធ្លាប់​ចុះផ្សាយ​ពី​ទង្វើ​អាក្រក់​របស់​ពួកគេ និង​ការឃុបឃិត​របស់​ពួកគេ​ជាមួយ​មេ​ឈ្មួញ​រកស៊ី​ឈើ​ប្រចាំខេត្ត​នេះ ដែល​គេ​ស្គាល់​ថា​ជា​ជនជាតិ​វៀតណាម​។​
​លោក ខៀវ កាញារីទ្ធ រដ្ឋ​ម​ន្រី្ត​ក្រសួង​ព័ត៌មាន​បាន​ថ្លែងថា លោក​នឹង​ជំរុញ​ក្រសួងយុត្តិធម៌​ឲ្យ​ស្វែងរក​ការពិត ចំពោះ​ការចាប់ខ្លួន​អ្នក​ទាំង​៤​រូប​ខាងលើនេះ ។ ទន្ទឹម​នោះ​លោក​ក៏បាន​ណែនាំ​ឲ្យ​អ្នកសារព័ត៌មាន​ទាំងអស់ ត្រូវគោរព​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​របស់ខ្លួន ក្នុងពេល​បំពេញភារកិច្ច ជាពិសេស​ការចុះ​យក​ព័ត៌មាន​ស៊ើបអង្កេត​ពាក់ព័ន្ធ​បទល្មើស​ផ្សេងៗ​៕

ScreenShot596