ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋជាង១០០នាក់រស់នៅភូមិអាលូចឃុំកន្ទួតស្រុកចិត្របុរីខេត្តក្រចេះបានធ្វើការតវ៉ាដោយយកគោយន្ដកន្ត្រៃនិងគោយន្ដកែច្នៃជាង៤០គ្រឿងបិទផ្លូវគ្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចដាំកៅស៊ូឈ្មោះ”ដូទឺសាយហ្កនប៊ិញហ្វឿក”បិទបារ៉ាស់ចេញចូលដោយកំណត់ម៉ោងដែលពួកគាត់មិនអាចទទួលយកបាន។
សូមជម្រាបថា ក្រុមហ៊ុននោះមានទីតាំងនៅភូមិអាលូចឃុំកន្ទួតស្រុកចិត្របុរីខេត្តក្រចេះ។ ហេតុការណ៍នេះប្រជាពលរដ្ឋធ្វើការតវ៉ាផ្លូវនេះតាំងពីវេលាម៉ោងជាង៧ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧រហូតដល់វេលាម៉ោងជាង១២ថ្ងៃត្រង់នេះទើបរំសាយដោយមានការសម្របសម្រួលពីសំណាក់អាជ្ញាធរស្រុកចិត្របុរីខេត្តក្រចេះ។
ប្រជាពលរដ្ឋបានឲ្យដឹងថា មូលហេតុដែលពួកគាត់បិទផ្លូវរបស់ក្រុមហ៊ុននេះមកពីក្រុមហ៊ុនបិទបើកបារ៉ាស់ដោយកំណត់ម៉ោងអោយចូលឆ្លងកាត់ពីម៉ោង៧ព្រឹកនឹងបិទវិញនៅម៉ោង៧ល្ងាច និងអ្នកយាមបារ៉ាស់ពេលខ្លះទាមទារពិនិត្យអត្តសញ្ញាណប័ណ្ណ និងទារលុយពីពួកគាត់ដឹកជន្លង់ម្រេចតាមក្រុមហ៊ុននេះ ។ ហេតុផលទាំងនេះពួកគាត់មិនអាចទទួលយកបាននោះព្រោះថាគាត់ជាកសិករធ្វើស្រែចំការឆ្ងាយពីភូមិបើក្រុមហ៊ុនកំណត់អោយបើកម៉ោង៧ព្រឹកពួកគាត់ទៅដល់ស្រែចំការម៉ោងជិត១០ហើយ។
លោកអ៊ីវណារុងអភិបាលរងស្រុកចិត្របុរីបានឲ្យដឹងថាក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចដាំកៅឈ្មោះ”ដូទឺសាយហ្គោនប៊ិញហ្វឿក”នេះជារបស់អាមេរិកដែលបានទិញបន្តពីក្រុមហ៊ុនវៀតណាមនោះ។លោកបន្តថាពលរដ្ឋធ្វើតវ៉ាចំនួន២លើកទាំងលើកនេះ។លើកទី១ខាងក្រុមហ៊ុនបិទផ្លូវមិនអោយពលរដ្ឋឆ្លងកាត់និងលើកនេះពលរដ្ឋជាអ្នកបិទផ្លូវវិញម្ដង។
លោកអភិបាលរងស្រុកបានបន្តថាពេលពលរដ្ឋបិទផ្លូវលោកនិងស្ថាប័នពាក់ពន្ធ័ព្រមតំណាងពលរដ្ឋនិងដំណាងក្រុមហ៊ុនបានធ្វើការពិភាក្សាគ្នាអស់រយៈពេលប៉ុន្មានម៉ោងមកនោះបានត្រូវគ្នាដោយក្រុមហ៊ុនអនុញ្ញាតអោយពលរដ្ឋធ្វើស្រែចំការចេញចូល២៤ម៉ោង។ដោយឡែកពលរដ្ឋដែលជាឈ្មួញរកស៊ីដឹកជន្លង់ម្រេចឆ្លងកាត់ក្រុមហ៊ុនអនុញ្ញាតឲ្យពីម៉ោង៥ព្រឹកដល់ម៉ោង១១យប់ហើយពលរដ្ឋក៏បានយល់ព្រមតាមលក្ខខ័ណ្ឌរបស់ក្រុមហ៊ុនរួចបំបែកគ្នាយកគោយន្តកន្ត្រៃទៅផ្ទះរៀងៗខ្លួន៕