នៅថ្ងៃចន្ទ ទី២ មីនានេះ ប៉ូលិសហុងកុងបានប្រកាសឲ្យដឹងពីការចាប់ខ្លួនមនុស្សចំនួន ៣៨នាក់នៅក្នុងក្បួនបាតុកម្មមួយដែលប្រជាជនហុងកុងបានប្រឆាំងនឹងកំណើនវត្តមានរបស់ឈ្មួញកណ្តាលមកពីចិនដីគោក។ ការចាប់ខ្លួនបាតុករហុងកុងបានធ្វើឡើង បន្ទាប់ពីកម្លាំងប៉ូលិសបានចូលអន្តរាគមន៍រារាំងនៅក្នុងក្បួនបាតុកម្មនោះ រួចការប្រឈមមុខគ្នាយ៉ាងហិង្សាក៏បានផ្ទុះឡើងរវាងក្រុមបាតុករ និងក្រុមប៉ូលិស។ នេះជាសញ្ញាថ្មីមួយទៀតដែលបញ្ជាក់ពីភាពតានតឹងជាអចិន្ត្រៃយ៍រវាងចិនហុងកុង និងចិនប៉េកាំង។
អ្វីដែលជាដើមហេតុនៃកំហឹងរបស់បាតុករហុងកុង គឺការដែលរដ្ឋអំណាចហុងកុងបានយល់ព្រមផ្តល់ទិដ្ឋាការចេញ ចូលច្រើនដងឲ្យឈ្មួញកណ្តាលមកពីចិនប៉េកាំងដើម្បីឲ្យពួកគេចូលមកទិញអីវ៉ាន់នៅហុងកុងក្នុងតម្លៃថោក រួចយកទៅលក់នៅចិនដីគោកក្នុងតម្លៃថ្លៃ ពិសេសនៅក្នុងទីក្រុង Shenzhen។ ជំនួញរបៀបនេះត្រូវបានគេចាត់ទុកជាកត្តាដែលនាំឲ្យទំនិញឡើងថ្លៃ និងដែលកំពុងធ្វើឲ្យរំខានដល់សកម្មភាពសេដ្ឋកិច្ចរបស់ប្រជាជនហុងកុងយ៉ាងខ្លាំង ពិសេសនៅសង្កាត់ Yuen Long ដែលជាតំបន់សេដ្ឋកិច្ចថ្មីស្ថិតជាប់នឹងព្រំប្រទល់ដែនចិនដីគោក។ គឺនៅក្នុងសង្កាត់ Yuen Long នោះឯងដែលមានប្រជាជនហុងកុងប្រមាណជា ៤០០នាក់បាននាំគ្នាចុះផ្លូវធ្វើបាតុកម្ម។
ក្រៅពីតវ៉ាប្រឆាំងនឹងកំណើនវត្តមានឈ្មួញកណ្តាលមកពីចិនដីគោក ក្រុមបាតុករហុងកុងក៏បានឆ្លៀតអំពាវនាវឲ្យមានការផ្តួលរំលំរបបដឹកនាំនៅក្នុងទីក្រុងប៉េកាំងសព្វថ្ងៃដែរ។ នៅទីបំផុត កម្លាំងប៉ូលិសហុងកុងក៏បានចូលអន្តរាគមន៍បំបែកហ្វូងបាតុករដែលបណ្តាលឲ្យមានការប្រឈមមុខដាក់គ្នាយ៉ាងហិង្សា។ នៅក្នុងបទអន្តរាគមន៍ដោយប្រើដំបងឆក់ និងគ្រាប់បែកបង្ហូរទឹកភ្នែកនោះ ប៉ូលិសបានចាប់ខ្លួនបាតុករចំនួន ៣៨នាក់ដែលមានអាយុចន្លោះពី ១៣ ទៅ ៧៤ឆ្នាំ។ ក្រៅពីចាប់ខ្លួនក៏នៅមានអ្នករងរបួសជាច្រើននាក់ផ្សេងទៀត។
ព្រឹត្តិការណ៍នៅហុងកុងពេលនេះជាសញ្ញាថ្មីមួយទៀតដែលបញ្ជាក់ពីកំដៅមិនចុះថយរបស់ប្រជាជនហុងកុងប្រឆាំងនឹងរដ្ឋអំណាចចិនដីគោក។ នៅឆ្នាំ ២០១៤ កន្លងទៅ ហុងកុងបានស្គាល់អំពើហិង្សារយៈពេល ២ខែដែលកើតចេញពីក្បួនបាតុកម្មរបស់សកម្មជនប្រជាធិបតេយ្យហុងកុងប្រឆាំងនឹងនយោបាយចិនប៉េកាំងនៅហុងកុង។
អ្វីដែលសកម្មជនប្រជាធិបតេយ្យហុងកុងបានទាមទារកាលណោះ គឺសិទ្ធិក្នុងការជ្រើសរើសអនាគតថ្នាក់ដឹកនាំរបស់ខ្លួន ដោយមិនត្រូវការ ការលូកដៃពីរដ្ឋាភិបាលចិនដីគោកទេ។
គួររម្លឹកថា រដ្ឋាភិបាលប៉េកាំងបានយល់ព្រមឲ្យប្រជាជនហុងកុងបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំរបស់ខ្លួនដោយខ្លួនឯង តែប៉េកាំងជាអ្នកកំណត់ និងជ្រើសតាំងរូបបេក្ខជន៕rfi
ក្រុមបាតុករហុងកុងកំពុងប្រឈមមុខនឹងកម្លាំងប៉ូលិស ថ្ងៃទី១ មីនា ឆ្នាំ ២០១៥Reuters