បើ​អាមេរិក និង​កូរ៉េខាងត្បូង​បញ្ឈប់ កូរ៉េខាងជើង​នឹង​ផ្អាក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 June, 2017 ក+ ក-

​ញូ​ដេលី ៖ អគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំ​ង​ប្រទេស​ឥណ្ឌា លោក Kye Chun Yong បាន​អះអាងថា កូរ៉េខាងជើង​នឹង​ផ្អាក​ការបាញ់​សាកល្បង​មី​ស៊ី​ល និង​អាវុធ​នុយក្លេអ៊ែរ បើសិនជា​សហរដ្ឋអាមេរិក បញ្ឈប់​ការធ្វើ​សមយុទ្ធ​យោធា​ជាមួយ​កូរ៉េខាងត្បូង​។ នេះ​បើ​យោងតាម​សារព័ត៌មាន Sputnik ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែមិថុនា ឆ្នាំ​២០១៧​នេះ​។​
​លោក Kye Chun Yong បាន​បញ្ជាក់ថា «​យើង​អាច​នឹង​ផ្អាក​ការធ្វើ​តេស្ដ​មី​ស៊ី​ល ឬ​អាវុធ​នុយក្លេអ៊ែរ​របស់​យើង ក្រោម​លក្ខខណ្ឌ​មួយ​ជាក់លាក់​… ហើយ​បើសិនជា​សហរដ្ឋអាមេរិក បញ្ឈប់​ទាំងស្រុង ឬ​ផ្អាក​ការធ្វើ​សមយុទ្ធ​យោធា​ជាមួយ​កូរ៉េខាងត្បូង នោះ​យើង​ក៏​នឹងធ្វើ​ដូចគ្នានេះដែរ​… ឬក៏​យើង​អាចនឹងទទួល​យក​កិច្ចចរចា លើ​ប្រធានបទ​ផ្អាក​ការធ្វើ​តេស្ដ​រាល់​អាវុធ​ទាំងអស់​ទៀតផង​»​។​
​ជុំវិញ​ការធ្វើ​សម​យ​យុទ្ធ​របស់​អាមេរិក និង​កូរ៉េខាងត្បូង​នេះ​ផងដែរ​ត្រូវបាន​លោក Kye Chun Yong លើកឡើងថា ជា​សកម្មភាព​ត្រៀម​ឈ្លានពាន​ចូល​ទីក្រុង​ព្យុងយ៉ាង ដូច្នេះហើយ​ទើប​របប​ដឹកនាំ លោក គីម ជុង​អ៊ុន តែងតែ​យក​លែស​នេះ​បាញ់​សាកល្បង​មី​ស៊ី​ល និង​អាវុធ​នុយក្លេអ៊ែរ ដោយ​គ្មាន​កោតក្រែង​ទណ្ឌកម្ម​ពី​សំណាក់​ក្រុមប្រឹក្សាសន្តិសុខ​យូ​អិន​៕

fn-2017-06-22-09-23-52-0