ដោយ ៖ ប្រុញ វិធិន
ខេត្តក្រចេះ ៖ សត្វដំរីមេធំមួយក្បាល ដែលម្ចាស់វាតែងតែជិះ សម្រាប់ដឹកថ្នាំបុរាណដើរលក់ត្រូវបានងាប់គួរឲ្យស្តាយនៅពេល ដែលដំរីមេមួយនេះត្រូវបានម្ចាស់នាំយកទៅឲ្យផឹកទឹកនៅពេលមេឃកំពុងរលឹមក៏ដើររអិលជើងធ្លាក់ចូលរណ្តៅបង្គន់ចាស់នៅខាងក្រោយវត្តស្នួល ។
ដំរីមេមួយក្បាលដែលគេសន្និដ្ឋានថា មានអាយុច្រើនទៅហើយដែរនោះបានជួបហេតុការធ្លាក់រណ្តៅងាប់កាលពីល្ងាចថ្ងៃទី២១ ខែមិថុនា នៅពេលដែលម្ចាស់ដំរីបានឈប់លក់ថ្នាំ និងបាននាំដំរីទៅសម្រាកជ្រកភ្លៀងនៅក្នុងវត្តស្នួល នៅស្រុកស្នួល ខេត្តក្រចេះ ហើយក៏ជួបហេតុការណ៍ធ្លាក់រណ្តៅដោយសារតែរអិលជើងតែម្តង ។
ក្រោយជួបហេតុការណ៍ងាប់មួយថ្ងៃ សត្វដំរីមេដ៏ធំមួយក្បាលនេះត្រូវបានម្ចាស់លើកស្ទូច ដឹកតាមរថយន្តនាំទៅរក្សាទុកនៅភូមិកំណើតនៅខេត្តមណ្ឌលគិរី តាមទំនៀមទម្លាប់របស់បងប្អូនជនជាតិភាគតិច ។ ចំណែកពលរដ្ឋនៅក្នុងស្រុកស្នួល ក៏បានសម្តែងការសោកស្តាយ និងអាណិតយ៉ាងពន់ពេក ព្រោះកន្លងមកសត្វដំរីញីមួយក្បាល គឺពួកគាត់តែងតែឃើញម្ចាស់របស់វា បរដើរលក់ថ្នាំស្ទើរគ្រប់កន្លែង ។
ប្រភពព័ត៌មានពីស្រុកស្នួលឲ្យដឹងថា ដំរីមួយក្បាលនេះត្រូវបានម្ចាស់ជាជនជាតិភាគតិច បានបរពីខេត្តមណ្ឌលគីរី មកស្រុកស្នួល ជាច្រើនថ្ងៃមកហើយដើម្បីដឹកថ្នាំបុរាណដើរលក់ដូចតាមទម្លាប់សពដង ។ ហើយនៅល្ងាចថ្ងៃកើតហេតុ ពេលមេឃកំពុងរលឹមភ្លៀង ម្ចាស់ដំរីក៏បានដឹកដំរីមួយក្បាលនេះនាំយកទៅផឹកទឹកនៅក្រោយវត្ត ហើយដំរីក៏រអិលជើងបាក់ក្តាធ្លាក់ចូលក្នុងរណ្តៅបង្គន់ចាស់ដែលមានទំហំធំគួសម និងមានជម្រៅជ្រៅបណ្តាលឲ្យរងរបួសរហូតដល់ងាប់តែម្តង ៕