ខេត្តបាត់ដំបង ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង់លោក លី សុខា នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញដីកាឃុំខ្លួនដាក់ពន្ធនាគារព្រះសង្ឃមួយអង្គដែលពាក់ព័ន្ធនឹងការកាន់កាប់អាវុធខុសច្បាប់។
កម្លាំងនគរបាលខេត្តបាត់ដំបងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ បានចុះចាប់ខ្លួន និងផ្សឹកព្រះសង្ឃ១អង្គ តាមដីការបស់តុលាការបញ្ជាឲ្យចូលខ្លួនលេខ លេខ៩៥៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ចេញដោយលោក កឺ ប៊ុណ្ណរ៉ា ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្ត ពីបទធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនាជាតិ និងកាន់កាប់រក្សាទុកអាវុធខុសច្បាប់ ក្នុងវត្តដំរីស សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
គួរបញ្ជាក់ថា អតីតព្រះសង្ឃអង្គរូបនេះត្រូវបានលោក កឺ បុណ្ណារ៉ា សម្រេចចោទប្រកាន់ព្រះសង្ឃព្រះនាម ហន សុផាន្នី អាយុ២៤ឆ្នាំ គង់នៅកុដិលេខ១២ ក្នុងវត្តដំរីស ចំនួន២បទល្មើសគឺ កាន់កាប់ និងដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
យោងតាមក្រមព្រហ្មទណ្ឌមាត្រា៤៩០ ចំពោះបទល្មើសកាន់កាប់ និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតអាចនឹងត្រូវផ្តន្ទោទោសដាក់ពន្ធនាគារពី០៦ខែ ទៅ៣ឆ្នាំ។ ចំណែកបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៥ អាចនឹងត្រូវផ្តន្ទោទោសពី០៦ខែ ទៅ០២ឆ្នាំ ហើយបទល្មើសទាំងនេះ ក៏ត្រូវពិន័យជាប្រាក់ផងដែរ៕