ខេត្តកោះកុង ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃនេះ បានបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការស៊ើបអង្កេតចំពោះករណីជួញដូរអាវុធ ពីកម្ពុជាទៅប្រទេសភូមា ដោយឆ្លងកាត់ប្រទេសថៃ តាមច្រករបៀងខេត្តកោះកុង ។
សម្ដេច ស ខេង បានថ្លែងថា កម្ពុជាជាប្រទេសមានសន្ដិភាព ហើយអាវុធជាច្រើនត្រូវបានកម្ទេចចោល ចុះហេតុអ្វីបែរជាមានការជួញដូរអាវុធចេញពីប្រទេសកម្ពុជា ទៅក្រៅប្រទេសយ៉ាងដូច្នេះ ។ សម្តេចបញ្ជាក់ថា តាមចម្លើយរបស់ជនសង្ស័យជួញដូរអាវុធឲ្យដឹងថា អាវុធទាំងនោះចេញតាមច្រករបៀង នៃខេត្តកោះកុង មិនមែនច្រកទ្វាអន្តរជាតិទេ ។
យ៉ាងណាក៏ដោយ សម្តេចបានឲ្យដឹងថា ខណៈនេះ លោក នេត សាវឿន កំពុងទាក់ទងជាមួយនឹងអគ្គស្នងការនគរបាលប្រទេសថៃ ដើម្បីស្រាវជ្រាវរឿងនេះ តើវាចេញពីណាទៅណា ហើយអ្នកណាជាអ្នកធ្វើរឿងនេះឲ្យបានច្បាស់លាស់ ។
សូមជម្រាបថា ឈ្មោះ លាង ពិសិដ្ឋ (Leang Piseth) ដែលជាវរសេនីយ៍ទោនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃត្រូវបានចាប់ខ្លួននៅថ្ងៃទី ៣ ខែមិថុនា នៅក្នុងខេត្តត្រាតប្រទេសថៃបន្ទាប់ពីការប្រទះឃើញអាវុធ AK-47 កាំភ្លើងយន្ត គ្រាប់បែក និងគ្រាប់កាំភ្លើងនៅក្នុងរថយន្តមួយធ្លាក់ផ្លូវដែលបើកដោយ Pakhin Detphong មន្ត្រីទ័ពអាកាសថៃ។
មន្ត្រីជាន់ខ្ពស់ម្នាក់ប៉ុស្តិ៍ច្រកអន្តរជាតិចាំយាម ដែលភ្ជាប់ខេត្តត្រាតជាមួយខេត្តកោះកុងបាននិយាយថា រថយន្ត Range Rover ដែលលោក ពិសិដ្ឋ បើកទៅប្រទេសថៃគឺត្រូវបានថតដោយកាមេរ៉ាសុវត្ថិភាពនៅក្នុងតំបន់នៅពេលព្រឹកនៃការចាប់ខ្លួនគាត់៕