ក្រចេះ៖បុរសម្នាក់ដែលអះអាងខ្លួនថា ជាអ្នកសារព័ត៌មានមួយរូប និងស្រីស្នេហ៍ម្នាក់ទៀតត្រូវគរបាលស្រុកចិត្របុរីឃាត់ខ្លួនពាក់ព័ន្ធកាជួញដូរគ្រឿងញៀន។
ជនសង្ស័យប្រុសស្រីទាំងពីរនាក់ គឺត្រូវសមត្ថកិច្ចដឹកនាំដោយស្ថាប័នអយ្យការខេត្ត ឆ្មក់បង្ក្រាបបាននៅក្នុងបន្ទប់ផ្ទះឈើមួយកន្លែងក្នុងឃុំដារ ស្រុកចិត្របុរី នៅព្រឹកថ្ងៃទី២ ខែមីនា នៅពេលដែលពួកគេទាំងពីរនាក់កំពុងធ្វើសកម្មភាពជក់គ្រឿងញៀន។
នគរបាលស្រុកចិត្របុរី បានឲ្យដឹងថា ជនសង្ស័យប្រុស ស្រី ដែលសមត្ថកិច្ចឃាត់ខ្លួនទាំងពីរនាក់នេះជាមុខសញ្ញាជួញដូរគ្រឿង ញៀនដែលនគរបាលតាមប្រមាញ់កន្លងមក។
នគរបាលស្រុកចិត្របុរីបានបញ្ជាក់អត្តសញ្ញាណថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ម៉ុក លី អាយុ៣២ឆ្នាំ មានទីលំនៅសង្កាត់ក្រគរ ក្រុងក្រចេះ និងបានតាំងខ្លួនថា ជា អ្នកសារព័ត៌មានក្នុងអង្គភាពតាព្រហ្មប្រចាំខេត្តក្រចេះ និងនារីជាស្រីស្នេហ៍ឈ្មោះ លី ផាន់ណេត អាយុ២៧ឆ្នាំ រស់នៅក្នុងឃុំដារ ស្រុកចិត្របុរី។
នគរបាលបានឲ្យដឹងទៀតថា ក្នុងការចុះបង្ក្រាបនេះ សមត្ថកិច្ចបានឆែកឆេររកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២កញ្ចប់ធំ និងសម្ភារសម្រាប់ជក់គ្រឿងញៀនមួយចំនួនធំទៀត។
គរបាលស្រុកចិត្របុរី បានឲ្យដឹងទៀតថា ជនប្រុសស្រីទាំងពីរនាក់ កំពុងតែនាំខ្លួនមកសាកសួរនៅអធិការដ្ឋានដើម្បីកសាងសំណុំ រឿងបញ្ជូនខ្លួនបន្ត៕