រាជធានីភ្នំពេញ ៖ សម្តេច ហ៊ុន សែន បានរម្លឹកជាថ្មីទៀតថា មន្ត្រីជាអ្នកបម្រើប្រជាជន មិនមែនចៅហ្វាយនាយ ប្រជាពលរដ្ឋទេ ស្ថានភាពនេះដែលសម្តេចតែងតែដាស់តឿន ឲ្យមន្ត្រីទាំងអស់ ធ្វើការដោយភាពស្មោះត្រង់ ត្រូវធ្វើម៉េចឲ្យចៅហ្វាយនាយពេញចិត្ត ហើយទ្រឹស្ដីនេះមិនមែនទ្រឹស្ដីដាច់ដោយឡែក របស់មន្ត្រីនោះទេ តែក្រុមហ៊ុនមួយចំនួន ក៏គេអនុវត្តអីចឹងដែរ។
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា រឿងប្ដីសក្តិបី ប្រពន្ធសក្តិ៤ កូនសក្តិ៥នេះ ជារឿងដែលខ្ញុំស្អប់ណាស់ខណដែល ពាក្យខ្មែរសំណាបយោងដី ស្រីយោងប្រុស មានភរិយាជួយកិច្ចការប្ដី ក្នុងកិច្ចការមនុស្សធម៌មិនមែនលូកលាន់ កិច្ចការប្ដីមិនមែនត្រីមួយត្រកស្អុយមួយ ស្អុយទាំងអស់នោះទេ ។ សម្តេចបន្តថា ករណីដូចលោក ឌួង ឆាយ ដែលជាកូន ឌួង ងៀប បានក្លាយទៅជាអ្នកមនុស្សធម៌មួយរូប ប៉ុន្តែរឿងប្រវត្តិ ឌួង ឆាយ មិនតូចតាចទេកន្លងទៅ ហើយខ្ញុំបានទូរសព្ទទៅ ឌួង ងៀប ឲ្យកូនចូលមកដោះស្រាយ តាមផ្លូវច្បាប់ និងទី២លាក់កូនទៅ ឥឡូវ ងៀប អរគុណខ្ញុំ អ្នកធ្វើខុសត្រូវដាក់ទោស តាមច្បាប់ដើម្បីយុត្តិធម៌ ។ ឥឡូវនេះ ឌួង ឆាយ ក្លាយទៅជាអ្នកធ្វើកិច្ចការងារ មនុស្សធម៌ដ៏ល្អ យើងមិនត្រូវទម្រើសកូនទេ ។
សម្តេចនាយករដ្ឋមន្ត្រីក៏បានលើកឡើងនូវពាក្យខ្មែរដែលមានន័យថា ទទួលខុសត្រូវដែលពាក្យនេះមានន័យថា ទទួលទាំងខុសទាំងត្រូវ កុំស្រវ៉ាយកត្រូវ អាខុសច្រានចោលនោះទេ ត្រូវទទួលអស់ លើលោកនេះគ្មាន អ្នកណាល្អឥតខ្ចោះទេ តែយើងត្រូវមើល ខុសច្រើនជាង ឬត្រូវច្រើនជាង យើងត្រូវហ៊ានប្រឈម ជាមួយកិច្ចការនោះ កុំគិតថាជោគជ័យជារបស់យើង អាមិនជោគជ័យទម្លាក់ឲ្យគេ ៕