បាងកក ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយថា សកម្មជនការពារសិទ្ធិមនុស្សថៃម្នាក់ ត្រូវបានរដ្ឋាភិបាលយោធាថៃចោទប្រកាន់ជាផ្លូវការកាលពីម្សិលមិញពីបទប្រឆាំងនឹងបទបញ្ជារបស់រដ្ឋាភិបាល។
លោក Rangsiman Rome មានអាយុ២៥ឆ្នាំ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពីថ្ងៃអាទិត្យ និងត្រូវបានព្រះរាជអាជ្ញាយោធាថៃម្នាក់ក្នុងទីក្រុងបាងកក ចោទប្រកាន់ចំនួន០៤ករណី ក្នុងនោះរួមមានការប្រមូលផ្ដុំការជួបជុំដោយខុសច្បាប់ កាលពីឆ្នាំ២០១៥ និងការធ្វើសកម្មភាពប្រឆាំងនឹងបទបញ្ជារបស់រដ្ឋាភិបាលយោធាថៃ តាមរយៈការចែកខិត្តប័ណ្ណ រិះគន់លើ ការបោះឆ្នោតប្រជាមតិស្ដីពីវិសោធនកម្មរដ្ឋធម្មនុញ្ញក្នុងឆ្នាំ២០១៦ជាដើម។
គួរបញ្ជាក់ថា នេះគឺជាការចាប់ខ្លួនអ្នករិះគន់ចុងក្រោយបំផុតសម្រាប់ការធ្វើសកម្មភាពជាប់បម្រាម គិតចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០១៤មកបន្ទាប់ពីរបបយោធាបានឡើងកាន់កាប់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា និងចាប់ផ្ដើមបង្ក្រាប ឬរឹតត្បិតលើសកម្មជនការពារសិទ្ធិមនុស្ស និងបណ្ដាញផ្សព្វផ្សាយទាំងឡាយណាដែលហ៊ានរិះគន់ខ្លួន ព្រមទាំងបានហាមឃាត់ការជួបជុំគ្នាចាប់ពីមនុស្ស០៥នាក់ ឡើងទៀតផង៕