ការ៉ាកាស់ ៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បានព្រមានប្រើប្រាស់អាវុធទប់ទល់នឹងក្រុមប្រឆាំង ដែលប៉ុនប៉ងបង្ករដ្ឋប្រហារ ទម្លាក់រូបលោកចេញពីអំណាច។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធនេះ។
ការព្រមានរបស់មេដឹកនាំប្រទេសអាមេរិកឡាទីនរូបនេះ ធ្វើឡើងបន្ទាប់ពីឧទ្ធម្ភាគចក្រមួយគ្រឿងបានបើកការវាយប្រហារលើអគារតុលាការកំពូល ក្នុងគោលបំណងដុតបញ្ឆេះបន្ថែមវិបត្តិនយោបាយបច្ចុប្បន្ន ក៏ប៉ុន្តែគ្រាប់បែកដែលបាញ់ចេញទៅលើអគារមិនបានផ្ទុះឡើយ។
ថ្លែងនៅក្នុងកញ្ចក់ទូរទស្សន៍រដ្ឋ ប្រធានាធិបតីវ័យ៥៤ឆ្នាំ លោក Maduro ដែលកំពុងប្រឈមមុខនឹងការបាតុកម្មតវ៉ាទូទាំងប្រទេស ឱ្យលោកចុះចេញពីតំណែងបានគូសបញ្ជាក់ថា « កងកម្លាំងពិសេសរដ្ឋាភិបាល បានទៅដល់កន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីពួកភេរវករបើកការវាយប្រហារលើអគារតុលាការកំពូល… ឧទ្ធម្ភាគចក្ររបស់ពួកគេ ក៏បានហោះពីលើអគារក្រសួងមហាផ្ទៃផងដែរ។ ដូច្នេះខ្ញុំស្នើឱ្យក្រុមប្រឆាំង ថ្កោលទោសចំពោះការវាយប្រហារនេះ»។
គួរបញ្ជាក់ថា ធ្វើបាតុកម្មតវ៉ាទាមទារឱ្យលោក Maduro ចុះចេញពីតំណែងចាប់តាំងពីខែមេសាមក បានបណ្តាលឲ្យចំនួនអ្នកស្លាប់នៅក្នុងអំពើហិង្សារវាងក្រុមបាតុករ និងប៉ូលិសកើនដល់៧៥នាក់ហើយ៕
ប្រធានាធិបតីវេណេស៊ុយអេឡាព្រមានប្រើអាវុធទប់ទល់ក្រុមប៉ុនប៉ងធ្វើរដ្ឋប្រហារ