ក្រុមហ៊ុន​ប្រេង​ដ៏​ធំ​របស់​ចិន​ប្រកាស​ផ្អាក​លក់​ប្រេង​ឲ្យ​កូរ៉េខាងជើង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 June, 2017 ក+ ក-

​ប៉េកាំង ៖ ដោយសារ​ព័ត៌មាន Channel News Asia ចេ​ព​ផ្សាយ​ថា ក្រុមហ៊ុន​ប្រេង​រដ្ឋ​ដ៏​ធំ​របស់​ចិន​បាន​សម្រេចចិត្ត​ផ្អាក​ការលក់​ប្រេងឥន្ធនៈ​ឱ្យ​កូរ៉េខាងជើង ដោយសារតែ​ការព្រួយបារម្ភ​ខ្លាច​ក្រែងលោ​ប្រទេស​នេះ គ្មាន​លទ្ធភាព​បង់ប្រាក់​ត្រឡប់មកវិញ គ្រា​ដែល​កំពុង​ជាប់​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ​។​
​ប្រភព​បាន​ឲ្យ​ដឹងថា ការសម្រេច​ផ្អាក​ក្រុមហ៊ុន​ប្រេង​ដ៏​ធំ​របស់​ចិន​ឈ្មោះ China National Petroleum Corp (CNPC) នេះ​អាច​នឹង​ធ្វើឱ្យប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការផ្គត់ផ្គង់ ក៏ដូចជា​ការប្រើប្រាស់​ប្រេង​របស់​កូរ៉េខាងជើង ដែល​នេះ​អាច​នឹង​បង្ខំ​ឱ្យ​ទីក្រុង​ព្យុងយ៉ាង ស្វែងរក​អ្នកផ្គត់ផ្គង់​ថ្មី​ជំនួស​ចិន នៅក្នុង​ករណី​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ ហើយ​បើសិនជា​របប​លោក គីម ជុង​អ៊ុន សម្រេចចិត្ត​បែបនេះ​មែន នោះ​សម្ព័ន្ធភាព​រវាង​មិត្ត​ទាំងពីរ​អាច​នឹង ចាប់ផ្ដើម​ឃ្លាតឆ្ងាយ​ពីគ្នា​បន្តិច​ម្ដងៗ ដូច​ការចង់បាន​រប​ស់​សហរដ្ឋអាមេរិក​ជាក់​ជាមិនខាន​។​
​ទោះបីជា​យ៉ាងណាក៏ដោយ ក្រុមហ៊ុន CNPC និង​ក្រសួងពាណិជ្ជកម្ម​ចិន បាន​បដិសេធ​ក្នុង​ការធ្វើ​អត្ថាធិប្បាយ រីឯ​ក្រសួងការបរទេស​ចិន និង​ស្ថានទូត​កូរ៉េខាងជើង ប្រចាំ​ទីក្រុង​ប៉េកាំង ក៏បាន​បដិសេធ​ដូចគ្នានេះដែរ ហើយ​ម្យ៉ាងវិញទៀត គេ​មិនអាច​និយាយ​ទុក​មុន​បានឡើយ​ថា នឹងមាន​ថ្ងៃ​ដែល​ចិន​ព្រម​បោះបង់ចោល​កូរ៉េខាងជើង ខណៈ​ទីក្រុង​ប៉េកាំង នៅតែ​ត្រូវការ​របប​ដឹកនាំ​លោក គីម ជុង​អ៊ុន ដើម្បី​ទប់ទល់​នឹង​ការពង្រីក​ឥទ្ធិពល​យោធា​អាមេរិក​នៅក្នុង​តំបន់​៕

fn-2017-06-28-09-53-51-0