សម្តេច​តេ​ជោ ហ៊ុន សែន បង្ហាញ​សារ​នយោបាយ​ក្តៅ​ក្នុង​ថ្ងៃ​ខួបកំណើត CPP
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 June, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ ថ្លែង​នៅក្នុង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៦ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​បានបង្ហាញ​នូវ​សារ​នយោបាយ​ក្តៅ​ទាក់ទង​ស្ថាន​ការ​នយោបាយ​ក៏ដូចជា​ការវាយតម្លៃ​សភាពការណ៍​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​/​សង្កាត់​នាពេល​ថ្មីៗ​នេះ ។​
​សម្តេច ហ៊ុន សែន បាន​ថ្លែងថា គណបក្ស​ប្រជាជន​កម្ពុជា ប្រកាន់​ភ្ជាប់​នូវ គោលការណ៍​អ​ព្យា​ក្រឹត្យ មិន​ប្រកាន់ពូជសាសន៍ រើសអើង​ភេទ​នោះទេ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា ប្ដេជ្ញា​ថែរក្សា​ដាច់ខាត នូវ​សន្តិភាព យើង​ប្រឆាំង​ដាច់ខាត ចំពោះ​ទង្វើ​ប្រមាថមើលងាយ ជេរប្រទេច​គ្នា ដែល​បង្ក​ឲ្យ​ប្រទេស មាន​កលិយុគ​ម្ដងទៀត ។ គណបក្ស​ប្រជាជន​កម្ពុជា ប្ដេជ្ញា​ការពារ​ខឿនសេដ្ឋកិច្ច រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ មិន​ឲ្យ​ប្រទេស​វិលត្រឡប់ ថយក្រោយ​ម្ដងទៀត ។​
​សម្តេច ហ៊ុន សែន ក៏បាន​អំពាវនាវ​ដល់​សមាជិក​សមាជិកា​គណបក្ស​បន្ត​រួបរួមគ្នា​ជា​ធ្លុង​មួយ​ថែរក្សា​សន្តិភាព​ការពារ​រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ​តែមួយ យើង​មិនត្រូវ​ភ្លេចខ្លួន ដើរ​ជាន់​ដាន​អតីតកាល​ទៀតឡើយ ហើយ​ត្រូវ​កំចាត់​រាល់​បាតុភាព​ទាំងឡាយណា ដែល​នាំ​ឲ្យ​ប្រទេស​កម្ពុជា វិល​ថយក្រោយ ។ សម្តេច​បញ្ជាក់ថា ការទុកចិត្ត​របស់​ប្រជាជន លើ​គណបក្ស​យើង​ត្រូវ​ផ្ដល់ជូន​ប្រជាជន​វិញ តាមរយៈ​ការកសាង​អភិវឌ្ឍន៍ មូលដ្ឋាន ទាមទារ​ឲ្យ​មន្ត្រី​គ្រប់​ជាន់ថ្នាក់ ត្រូវអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​គណបក្ស មិនអាច​បោះបង់ចោល​ស​ន្តិ​ភាព និង​ការអភិវឌ្ឍន៍​នោះទេ គណបក្ស បាន​បូជាជីវិត ដើម្បី​សង្គ្រោះ​ប្រទេសជាតិ ឲ្យ​មាន​សន្តិភាព​រីកចម្រើន ដូច​សព្វថ្ងៃ ។ យើង​មិនអាច​ឲ្យ​ការខិតខំ​នេះ របូត​ផុត​ចេញពី​ដៃ នាំទៅដល់​វិនាសកម្ម​នោះទេ ។​
​ពាក់ព័ន្ធ​នឹង​ស្ថានភាព​បោះឆ្នោតក្រុមប្រឹក្សា ឃុំ​/​សង្កាត់ សម្តេច ហ៊ុន សែន បានស្នើ​ឲ្យ​យស​ម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ពិនិត្យមើល​តាម​អង្គច្បាប់ ដល់​ក្រុម​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន ដែលមាន​ឈ្មោះថា បន្ទប់​ស្ថានការណ៍​បោះឆ្នោត ដែល​តាមដាន​ការបោះឆ្នោត​កន្លងមក ហើយ​វាយតម្លៃថា ស្ថានការណ៍​ការបោះឆ្នោត​នៅ​កម្ពុជា មាន​ភាពមិនប្រក្រតី ខណដែល​បន្ទប់​ស្ថានការណ៍​បោះឆ្នោត ដែលមាន​អង្គការ​សង្គម​ស៊ីវិល ជាង​៤០ នោះបាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ កាលពី​ថ្ងៃ ទី​២៤ មិថុនា វាយតម្លៃថា ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ ខ្វះ​យុត្តិធម៌ និង​មាន​ភាពមិនប្រក្រតី ។​
​សម្តេច​សង្កត់ធ្ងន់ថា តើ​អ្វី​ទៅ​ដែល​ហៅថា បន្ទប់​ស្ថានការណ៍ ដែលថា​ការបោះឆ្នោត នៅ​កម្ពុជា​កន្លងមក មាន​ភាព​អាប់អួរ យើង​ទាមទារ​ឲ្យ​អនុវត្ត​នូវ​ច្បាប់ ។ ពួកគេ​បាន​ខោក​ក្បាល​គជប ។ ដូច្នេះ​សម្តេច​ស្នើ​ឲ្យ​ក្រសួង​ពិនិត្យមើល​តើ​បន្ទប់ ស្ថានការណ៍​ត្រឹមត្រូវ​ឬទេ ពិនិត្យមើល​តាមច្បាប់ អង្គការក្រៅរដ្ឋាភិបាល ព្រោះថា ខ្លួន​ប្រកាស​ពី​ភាពជោគជ័យ តែ​មក​ខោក​ក្បាល​គជប ហើយ​គជប ក៏បាន​ចេញ​សេចក្ដីថ្លែងការណ៍ ទាត់ចោល រួចហើយ​ផងដែរ ។​
​ទន្ទឹម​នោះ​សម្តេច ហ៊ុន សែន ក៏បាន​ស្នើ​ឲ្យ​សមាជិកសភា គណ​កូតា​គណបក្ស​ប្រជាជ​កម្ពុជា ពិនិត្យមើល​ឡើងវិញ ធ្វើ​វិសោធនកម្ម​ច្បាប់ ស្ដីពី​គណបក្សនយោបាយ ដោយ​មិន​ឲ្យ​អ្នកទោស មាន​សិទ្ធ​លូកដៃ ចូល​កិច្ចការ​នយោបាយ ។ ការ​ថ្លែង​ដូច្នេះ​ធ្វើឡើង​បន្ទាប់ពី​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​លូកលាន់​ចូល​កិច្ចការ​នយោបាយ​នៅ​កម្ពុជា ខណដែល​លោក​ស្ថិត​ជា​ទណ្ឌិត ។​
​សម្តេច​ថ្លែងថា ដៃ​ម្ខាង​ប្រកាស ជោគជ័យ​របស់ខ្លួន ដៃ​ម្ខាង​ទៀត​បែរជា វាយប្រហារ​មកលើ គណបក្ស​ប្រជាជន និង គជប ។ តើ​អ្នកទោស​មាន​សិទ្ធ​ផ្សារភ្ជាប់​ខ្លួន ជាមួយ​គណបក្ស នយោបាយ​ដែរ​ទេ​? បើ​វា​មិន​គ្រប់គ្រាន់ យើង​ត្រូវ​វិសោធនកម្ម​ច្បាប់ គណបក្សនយោបាយ​បន្តទៀត ។ ដូចជា​ឥឡូវ​អ្នកទោស​បាន​លូកលាន់ ចូល​កិច្ចការ គណបក្សនយោបាយ បង្ក​ហិង្សា​មិនចេះចប់ ។ ដូច្នេះ​សម្តេច​ស្នើសុំ​ឲ្យ​សភា​កូតា CPP ពិនិត្យមើល​លទ្ធភាព ដើម្បី​ធ្វើ​វិ​សោ​កន​កម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដើម្បី​កុំ​ឲ្យ​អ្នកទោស​មាន​សិទ្ធិ​ចូលរួម​នយោបាយ ។​
​យ៉ាងណាក៏ដោយ សម្តេច ហ៊ុន សែន ព្រមាន​ជាថ្មី​ថា សង្គ្រាម​អាច​កើតមាន នៅ​កម្ពុជា​ដោយសារ តែ​សម្ដី​ប្រមាថ​មាក់ងាយ របស់​មន្ត្រី​គណបក្ស ប្រឆាំង មកលើ​គណបក្សកាន់អំណាច និង​គណបក្សនយោបាយ​ដទៃ ទាំង​ដែល​បក្ស​ខ្លួន​មិនទាន់ នឹង​ឈ្នះឆ្នោត​ផង​នោះ ។ សម្តេច​បញ្ជាក់ថា សង្គ្រាម​មិនចាំបាច់ តែមាន​អាវុធ​ទេ សង្គ្រាម​វា​បានកើត​ឡើង តា​រយៈ​អណ្ដាត​របស់​អ្នក ដែល​មើលងាយមើលថោក គណបក្ស​ប្រជាជន​កម្ពុជា យើង​មិនដែល​មើលងាយ គណបក្ស​ណាមួយ​ទេ មិន​ថា​មាន​កៅអី ក្នុង​រដ្ឋសភា ឬ​គ្មាន​នោះទេ ៕

19553978_1871077179823999_7581325808714361261_n

e140d9ed9b227e7dcc5a5759d49fb4f1