ក្មេងប្រុសជំទង់ម្នាក់ត្រូវរន្ទះបាញ់ស្លាប់ ខណៈដើរពេលភ្លៀងរលឹម
ខេត្តបាត់ដំបង ៖ ក្មេងជំទង់ម្នាក់ដើរកាត់វាលស្រែទាំងមេឃភ្លៀងរលឹមត្រូវរន្ទះបាញ់ស្លាប់ ហេតុការណ៍ខាងលើបានកើតឡើងនៅម៉ោង២ និង៣០នាទីថ្ងៃទី២៧ មិថុនា ឆ្នាំ២០១៧ ត្រង់ ចំនុចភូមិទួលល្វៀង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។
ប្រភពបានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយករណីរន្ទះបាញ់នេះឈ្មោះ ឈឹម ភារុណ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅក្នុងក្រុមទី២១ ភូមិនិងឃុំកើតហេតុខាងលើ។ ប្រភពបញ្ជាក់ថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបានចាកចេញពីផ្ទះក្នុងគោលដៅទៅកាន់ទីវាលស្រែ ខណៈទៅដល់ចំណុចកើតហេតុស្រាប់តែរន្ទះបានបាញ់ត្រូវស្លាប់ភ្លាមៗតែម្តង៕