ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ជាអាជីវករលក់ដូរនៅក្នុងផ្សាររុងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ត្រូវបានប្តីចិត្តកំណាចយកកាំបិតអារកសម្លាប់កាលពីវេលាព្រលប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។
ស្ត្រីដែលស្លាប់ត្រូវបានគេអោយដឹងថាមានឈ្មោះ លី ហ្គេចហួយ មានអាយុប្រហែលជិត៣០ឆ្នាំ មានទីលំនៅក្នុងសង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ស្ត្រីរងគ្រោះបានទៅស្នាក់នៅក្នុងតូបលក់ជាមួយនឹងប្តីក្នុងកន្លែងកើតហេតុ។ ប្រភពបានអោយដឹងផងដែរថា ប្តីនារងគ្រោះក៏បានផឹកថ្នាំពុលសម្លាប់ខ្លួនផងដែរក្រោយធ្វើសកម្មភាពអារកសម្លាប់ប្រពន្ធរួច។ តែដោយបានដឹកបញ្ជូនទៅសង្គ្រោះទាន់ពេលវេលាបុរសរូបនេះអាចនឹងរួចផុតពីក្រញ៉ាំមច្ចុរាជ។
ចំពោះសកម្មភាពឃាតកម្មលើភរិយាខ្លួននេះត្រូវបានគេសង្ស័យថា ផ្តើមចេញពីការប្រច័ណ្ឌគ្មានព្រំដែន៕