រាជធានីភ្នំពេញ ៖ ក្រោយត្រូវបានដោះលែង ចេញពីពន្ធនាគារ មន្ត្រីអង្គការអាដហុក នឹងបន្តធ្វើការងារផ្នែកសិទ្ធិមនុស្សដដែល ។ ចំណែកលោក នី ចរិយា អតីតអគ្គលេខាធិការរង គ.ជ.ប មិនទាន់ច្បាស់ថា តើលោកត្រូវវិលចូលទ្រនំចាស់វិញ ឬ យ៉ាងណា ខណៈដែលមន្ត្រីជាន់ខ្ពស់ គ.ជ.ប អះអាងថា តំណែងលោក នី ចរិយា នៅរក្សាដដែល។
សូមរំលឹកថា កាលពីថ្ងៃទី២ ខែឧសភា មន្ត្រីអាដហុក ៤រូប រួមមានលោក ណៃ វ៉ង់ដា, លោក យី សុខសាន្ត, លោក នី សុខា, និងលោកស្រី លឹម មុនី ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ សម្រេច ឲ្យឃុំខ្លួនបណ្តោះសន្ន នៅពន្ធនាគារព្រៃស ទាក់ទងនឹងបទចោទ សូកប៉ាន់សាក្សី ។
ចំណែកអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ត្រូវបានឃុំនៅមន្ទីរឃុំឃាំងនៃ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ទាក់ទងនឹង ការចោទប្រកាន់ សមគំនិតក្នុងអំពើ សូកប៉ាន់សាក្សី ក្នុងសំណុំរឿងនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវបាន គេទម្លាយថា ជាស្រីកំណាន់របស់ ឯកឧត្ដម កឹម សុខា៕