ប៉េកាំង ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរយការណ៍នៅព្រឹកថ្ងៃទី០៣នេះថា នាវាពិឃាតអាមេរិកមួយគ្រឿងបានធ្វើដំណើរទៅកាន់តំបន់ក្បែរកោះជម្លោះ នៃសមុទ្រចិនខាងត្បូង ដែលជាផ្នែកមួយបង្ហាញពីសេរីភាពនាវាចរនៅក្នុងតំបន់ដែនទឹកអន្តរជាតិ គ្រាដែលទីក្រុងប៉េកាំងចាត់ទុកថាជាទង្វើបង្ករឿង។
មន្ត្រីក្រសួងការពារជាតិអាមេរិកមួយរូបបានឱ្យដឹងថា នេះមិនមែនជាលើកទីមួយ ហើយក៏នឹងមិនក្លាយជាលើកចុងក្រោយដែរ ដែលទីក្រុងវ៉ាស៊ីនតោន បញ្ជូននាវាចម្បាំងទៅកាន់តំបន់សមុទ្រចិនខាងត្បូង។ មន្ត្រីដដែលបញ្ជាក់ថា នាវានោះបានធ្វើដំណើរកាលពីថ្ងៃអាទិត្យនៅចំងាយប្រមាណជា ២២គីឡូម៉ែត្រពីកោះ Triton ជាផ្នែកមួយនៃទីប្រជុំកោះ Paracel ក្នុងតំបន់សមុទ្រខាងត្បូង។ មន្ត្រីរូបនេះបន្ថែមថា នាវាពិឃាតនេះបំពាក់ដោយមីស៊ីល USS Stethem។
ដោយឡែកអ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង បានសម្ដែងការខឹងសម្បាជាខ្លាំង ព្រមទាំងចាត់ទុកថា នាវាពិឃាតអាមេរិកកំពុងសកម្មភាពបង្ករឿង និងចូលក្នុងដែនទឹករបស់ចិន ដោយគ្មានការអនុញ្ញាត។ ទន្ទឹមនោះលោកជំទាស់ និងជំរុញយ៉ាងពេញទំហឹងឱ្យសហរដ្ឋអាមេរិកបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបង្ករឿងរបៀបនេះ ដែលរំលោភលើដែនអធិបតេយ្យភាពរបស់ចិន និងបង្កជាហានិភ័យដល់សន្តិសុខចិន។ ជាមួយគ្នានោះលោកក៏បានព្រមានថា បើពុំដូច្នោះទេទីក្រុងប៉េកាំងនឹងចាត់វិធានការចាំបាច់នានា ដើម្បីការពារខ្លួនឯង។
គួរបញ្ជាក់ថា នេះគឺជាលើកទី០២ ដែលសហរដ្ឋអាមេរិកក្រោមរដ្ឋបាល លោក ដូណាល់ ត្រាំ បញ្ជូននាវាពិឃាតរបស់ខ្លួន ទៅកាន់តំបន់សមុទ្រចិនខាងត្បូង ក្នុងក្របខណ្ឌប្រតិបត្តិការសេរីភាពនាវាចរណ៍៕